(ភ្នំពេញ)៖ តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានអត្រាមានការងារធ្វើ ៩៩.៣% ដដែល ខណៈចំនួនប្រជាពលរដ្ឋដែលមានការងារ ធ្វើមានប្រមាណ ១០លាននាក់ កំពុងធ្វើការនៅក្រៅប្រទេស និងក្នុងប្រទេស ក្នុងនោះមានទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ វិស័យកសិកម្ម មន្ត្រីសាធារណៈ និងផ្នែកនានាមួយចំនួនទៀត។

របាយការណ៍នេះត្រូវបានបង្ហាញឡើងក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅបន្តនៅឆ្នាំ២០២០ របស់ក្រសួងការងារ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ។

នាឱកាសនោះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនប្រជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់។

លោកបានបន្តថា ក្នុងចំណោមកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់នោះ មានអ្នកធ្វើការនៅក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (នៅក្នុងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានប្រមាណជាង ១.៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ២.២លាននាក់) នៅក្នុងវិស័យកសិកម្មមានប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈមានប្រមាណ ៥០ម៉ឺននាក់ ព្រមទាំងពលករ និងកម្មសិក្សាការីនៅក្រៅប្រទេសមានប្រមាណជាង ១.២៨លាននាក់ ដោយបាននាំចំណូលប្រមាណ ៦.៥០០លានដុល្លារ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអះអាងថា ចំនួនអ្នកមានការងាធ្វើនេះបានរក្សាអត្រាមានការងារធ្វើសម្រាប់ប្រជាពលរដ្ឋកម្ពុជា ៩៩.៣% ដដែល បើធៀបនឹងឆ្នាំ២០១៨។

ជាមួយគ្នានោះ លោកបានណែនាំឱ្យវិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវពិនិត្យលទ្ធភាពនៃការបណ្ដុះបណ្ដាលធនធាន ជំនាញវិជ្ជាជីវៈថ្មី ត្រូវពិនិត្យលើលទ្ធភាពនៃការទទួលសិស្សបណ្ដុះបណ្ដាល ពិនិត្យលើជំនាញណាខ្លះដែលអាចបង្កើនផលិតភាពខ្ពស់។ ម្យ៉ាងទៀតក៏ត្រូវពិនិត្យថា តើត្រូវការគ្រូបណ្ដុះបណ្ដាលប៉ុន្មាននាក់បន្តបន្ទាប់ទៀត។

ចំពោះទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ត្រូវចុះសិក្សាលើចរន្តទីផ្សារការងារក្នុងប្រទេស ដើម្បីរកឱ្យឃើញថាកន្លែងណាខ្លះត្រូវការកម្លាំងពលកម្ម កន្លែងណាខ្លះសម្បូរកម្លាំងពលកម្ម ហើយត្រូវបំពេញកម្លាំងពលកម្មឱ្យឆ្លើយតបនឹងតម្រូវការងារទីផ្សារការងារ៕