(ភ្នំពេញ)៖ លោក ផាទ្រីក ម័រហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានចូលថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលនាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ហើយលោកអគ្គរដ្ឋទូត ក៏បានប្តេជ្ញាបន្តសហការជាមួយកម្ពុជាបន្ថែមទៀត។

ការថ្លែងអំណរគុណរបស់លោកអគ្គរដ្ឋទូតអាមេរិក បានធ្វើឡើង ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានជម្រាបជូនសម្ដេចតេជោថា លោកបានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងដល់ខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាជនកម្ពុជា ជាពិសេសនៅក្នុងការចូលចតកប៉ាល់ ដែលមានភាគច្រើនជាជនជាតិអាមេរិកនៅក្នុងនោះ។

លោកបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យកប៉ាល់ Westerdam បានចូលចតនៅក្រុងព្រះសីហនុ។ លោកបន្តថា នេះជាកាយវិការមនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាត ឱ្យចូលចតទេនោះ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។

លោកអគ្គរដ្ឋទូត បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗរបស់ សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្សកំពុងតែត្រូវការចាំបាច់ ហើយលោកក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះ លោកក៏បានធ្វើការសហការ ជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះ គឺនៅពេលនេះយើងមានមូលដ្ឋាន កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងក្រសួងសុខាភិបាល ហើយលោកបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចតេជោ បានអរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើររបស់លោកផាទ្រីក ហើយសម្ដេច មានប្រសាសន៍ថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ហើយជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមបុស្សធម៌ ព្រោះថាប្រសិនណា បើកប៉ាល់ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចត នៅកំពង់ផែក្រុងព្រះសីហនុទេ មិនដឹងថាកប៉ាល់នេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើ មានអ្វីកើតឡើងនៅលើកប៉ាល់នោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។

សម្ដេចបានបញ្ជាក់ផងដែរថា កាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបី កប៉ាល់មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចត កាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណា ជួយសង្គ្រោះអ្នកជំងឺនៅលើកប៉ាល់ ហើយក៏ដូចជា ជួយសង្គ្រោះប្រជាជន ដែលនៅក្នុងកប៉ាល់នោះមិនឲ្យឆ្លង ពីអ្នកជំងឺដែលមានមេរោគកូរ៉ូណានេះ។

សម្តេចតេជោបានបន្តថា សម្ដេចបានចុះទៅដល់ក្រុងព្រះសីហនុ បានទៅកន្លែងកប៉ាល់ចូលចត សម្ដេចពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីកប៉ាល់ ដោយទឹកមុខរីករាយ ហើយខ្លះទៀត បានឱនលុតជង្គង់ថើបដី ដែលនោះគឺជាកាយវិកាមួយ ដែលធ្វើឱ្យសម្ដេចមានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់ពីរនោះទៀតនោះ សម្ដេចបានមានប្រសាសន៍ថា នៅពេលនេះអ្នកដំណើរតាមកប៉ាល់ភាគច្រើន បានចេញពីកម្ពុជាទៅហើយ ហើយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី សុខាភិបាលម៉ាឡេស៊ី បញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានទេ ហើយអ្នកដំណើរ ដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ ក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះដែរ។

សម្តេចបានបន្តទៀតថា ម្យ៉ាងទៀតថ្មីៗនេះ អ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕