(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងធ្វើការណែនាំលោកបណ្ឌិត Yurdi Yasmi ដែលទើបត្រូវបានតែងតាំងជាតំណាងអង្គការ IRRI ប្រចាំតំបន់អាស៊ីបូព៌ា។

លោករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរចំពោះលោកបណ្ឌិត Yurdi Yasmi ដែលទើបទទួលបានភារកិច្ចថ្មី ហើយតាមរយៈបណ្ឌិត Yurdi Yasmi ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ចំពោះអង្គការ IRRI ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ក្នុងនោះក៏បានរួមចំណែក ធ្វើឱ្យគុណភាពអង្ករកម្ពុជា ត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថា ជាអង្ករមាន គុណភាពល្អបំផុត។

លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាវិទ្យាស្ថាននេះ នឹងនៅតែបន្តជួយដល់ផលិតកម្មស្រូវ ឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវ ឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារ ជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងវិទ្យស្ថានជាមួយ CARDI និងអគ្គនាយកដ្ឋានកសិកម្ម ត្រូវតែពង្រឹង និងពង្រីកបន្ថែមមួយកម្រិតទៀត ទាំងការងារបច្ចេកទេស និងផែនការជាយុទ្ធសាស្រ្តភាពជាដៃគូ ដើម្បីឈានទៅសម្រេចគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៩ -២០២៣ ក៏ដូចជាគោលនយោបាយនាំចេញអង្ករ របស់រាជរដ្ឋាភិបាលផងដែរ។ អ្វីដែលសំខាន់ គឺត្រូវគាំទ្រ និងលើកទឹកចិត្តឱ្យវិស័យឯកជន ចូលរួមក្នុងការផលិតពូជ គ្រប់គ្រង និងផ្គត់ផ្គង់ឱ្យដៃគូផលិតធ្វើយ៉ាងនេះ ទើបយើងធានាបាននូវបរិមាណ និងគុណភាពតាមតម្រូវការទីផ្សារ។

លោកបណ្ឌិត Yurdi Yasmi បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលា ដ៏មានតម្លៃទទួលជួប និងធ្វើការពិភាក្សាលើប្រធានបទសំខាន់ៗ ជុំវិញការងារផលិតកម្មស្រូវ បច្ចេកទេស ផលិតកម្មពូជ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោកបណ្ឌិត Yasmi បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្រ្តី និងសហការីមានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅថា CARDI និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានផ្តល់កិច្ចសហការ ជាមួយអង្គការ IRRI បានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យផលិតកម្មស្រូវកម្ពុជា ឱ្យមានការរីកចម្រើនបន្ថែមទៀត តាមរយ:ពង្រីកការងារផ្សព្វផ្សាយ ការងារបណ្តុះបណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងរៀបចំគោលនយោបាយសំខាន់ៗ ទាក់ទងផលិតកម្មស្រូវកម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការជាមួយអង្គការ IRRI ដើម្បីលើកកម្ពស់សមត្ថភាពការងារស្រាវជ្រាវ សមត្ថភាពមន្រ្តី និងអ្នកផលិត ព្រមទាំងផលិតភាពផលិតកម្មស្រូវកម្ពុជានាពេលអនាគត៕