(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំ ស្តីពីវិធានការទប់ស្កាត់ ជំងឺផ្តាសាយបក្សី ក្រោយប្រទេសវៀតណាម ផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើង ដោយវីរុសប្រភេទ A/H5N1។

ក្រសួងកសិកម្មបានឲ្យដឹងថា ផ្អែកតាមសារព័ត៌មានរបស់ប្រទេសវៀតណាម នៅពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅខេត្តត្រាវិញភាគខាងត្បូង មានការផ្ទុះជំងឺផ្តាសាយបក្សីបង្កឡើងដោយវីរុសប្រភេទ A/H5N1 ហើយត្រូវបានកម្ទេចសត្វមាន់ប្រមាណជាង ៥៥ ០០០ក្បាល។ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺផ្តាសាយបក្សី ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈការចរាចរណ៍បក្សី និងផលិតផលពីបក្សីនាំចូលពីប្រទេសវៀតណាម និងពីតំបន់មួយទៅតំបន់មួយទៀត ក្នុងផ្ទៃប្រទេស ក្រសួងសូមធ្វើការណែនាំ ដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ជាពិសេសខេត្តជាប់ព្រំដែន នៃប្រទេសវៀតណាម ត្រូវមានការទទួលខុសត្រូវ ប្រកបដោយតម្លាភាពខ្ពស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី និងត្រូវអនុវត្តវិធានការម៉ឺងម៉ាត់ដូចខាងក្រោម៖

១៖ ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ ដែលឆ្លងកាត់តាមច្រកព្រំដែន តាមអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែ និងពីខេត្តមួយទៅខេត្តមួយ ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ជាពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។ ក្នុងករណីមិនអនុវត្តត្រឹមត្រូវ ឬមានការថ្លោះធ្លោយ ដោយប្រការណាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ត្រូវទទួលខុសត្រូវចំពោះមុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចំពោះមុខច្បាប់។

២៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែមទៀត ដោយសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាការិយាល័យផលតិកម្ម និងបសុព្យាបាលរាជធានី-ខេត្ត អាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។

៣៖ ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាព ឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែងប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងប្រទេស និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីសង្ស័យផ្ទុះជំងឺផ្តាសាយបក្សី។

៤៖ រាល់ការចរាចរបក្សី និងផលិតផលពីបក្សីត្រូវមានលិខិតអនុញ្ញាត វិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ ស្របតាមបទដ្ឋានបច្ចេកទេស និងត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពសត្វ និងអនាម័យសត្វពីមន្រ្តីជំនាញបសុពេទ្យនៅចំណុចដើមទី និងចំណុចចុងទីឱ្យបានត្រឹមត្រូវ។

៥៖ មុនចេញវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ ជាពិសេសបក្សី និងផលិតផលពីបក្សី ត្រូវធ្វើការពិនិត្យសុខភាពសត្វ និងអនាម័យសត្វឱ្យបានត្រឹមត្រូវ ព្រមទាំងស្គាល់ប្រភពបក្សីឱ្យបានច្បាស់លាស់ងាយស្រួលក្នុងការតាមដាន និងគ្រប់គ្រងជំងឺ។

៦៖ ត្រូវអនុវត្តវិធានការជីវសុវត្ថិភាពដោយលាងសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគតាមលក្ខណៈបច្ចេកទេស លើមធ្យោយបាយដឹកជញ្ជូនសត្វ ជាពិសេសមុននិងក្រោយដឹកជញ្ជូនបក្សី។

៧៖ ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋានចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងការចិញ្ចឹមបក្សី ពេលចរាចរដឹកជញ្ជូនបក្សី និងផលិតផលពីបក្សី សកម្មភាពពិឃាតបក្សី និងកន្លែងតាំងលក់នៅទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី និងវិធានការទប់ស្កាត់ជំងឺផ្តាសាយក្សី។

៨៖ ធ្វើការសហការជាមួយភាគីនៃប្រទេសវៀតណាម ក្នុងការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងជំងឺផ្តាសាយបក្សី ចរាចរណ៍បក្សី និងផលិតផលពីបក្សី ដើម្បីធ្វើការទប់ស្កាត់ជំងឺផ្តាសាយបក្សី ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

៩៖ ករណីមានការសង្ស័យជំងឺផ្តាសាយបក្សី សូមធ្វើការទំនាក់ទំនងមកព័ត៌មានទាន់ហេតុការណ៍ ដែលមានទូរស័ព្ទលេខ៖ ០១២ ២១៤ ៩៧០៕