(ភ្នំពេញ)៖ អ្វីដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការប្រគល់ម៉ូតូដឹកសំរាម បែបទំនើបជូនដល់បណ្ដាលសង្កាត់ទាំង១០៥ នៅទូទាំងរាជធានីភ្នំពេញ មកដល់ល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានប្រគល់គ្រប់ចំនួនអស់ហើយ ជាមួយនឹងការប្រគល់ម៉ូតូដឹកសំរាម ១គ្រឿងទៀត ទៅឲ្យរដ្ឋាករស្វយ័តផ្សារធំថ្មីផងដែរនោះ ដោយសរុបទាំង ១០៦គ្រឿង។

អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ ក្នុងពិធីប្រគល់ម៉ូតូកង់បីដឹកសម្រាមបែបទំនើប នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ បានបញ្ជាក់ឲ្យដឹងថា ម៉ូតូដែលប្រគល់ជូននាល្ងាចនេះមានចំនួន ២៨គ្រឿង ហើយនេះជាលើកទី ៣ហើយ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ម៉ូតូប្រភេទនេះទៅឲ្យបណ្ដាសង្កាត់មួយចំនួន ១០៥នៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាលើកចុងក្រោយផងដែរ
ដើម្បីយកទៅធ្វើសកម្មភាពដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញឱ្យមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតថែមទៀត។

គួរបញ្ជាក់ថា ដើម្បីចូលរួមថែរក្សាអនាម័យ និងសោភ័ណ្ឌភាពទីក្រុង ពិសេសដើម្បីចូលរួមប្រមូលសំរាមក្នុងរាជធានី រដ្ឋបាលរាជធានីភ្នំពេញបានឧបត្ថម្ភម៉ូតូដឹកសំរាម បែបទំនើបចំនួន ៣លើកមកហើយ ក្នុងលើកទី១ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានី បានប្រគល់ម៉ូតូដឹកសំរាមប្រភេទទំនើបនេះ ជូនដល់ចំនួន៤ គឺខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង។

លើកទី២ នៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ លោក ឃួង ស្រេង បានប្រគល់ម៉ូតូដឹកសំរាមនេះជូន ខណ្ឌច្បារអំពៅ ចំនួន៦គ្រឿង, ខណ្ឌពោធសែនជ័យ ចំនួន ៧គ្រឿង, ខណ្ឌមានជ័យចំនួន ៧គ្រឿង ខណ្ឌទួលគោក ចំនួន ១០គ្រឿង, ខណ្ឌ៧មករា ចំនួន ៣គ្រឿង, ខណ្ឌសែនសុខ ចំនួន ៦គ្រឿង និងរដ្ឋាករស្វយ័តផ្សារធំថ្មី ចំនួន ១គ្រឿង និងលើកទី៣នេះលោក កើត ឆែ បានប្រគល់ម៉ូតូ ដឹកសំរាមនេះបង្គ្រប់ចំនួន ២៨គ្រឿងទៀត ទៅសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ហើយក៏លើកទីបញ្ចប់ផងដែរ៕