(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃប្រទេសអូស្ដ្រាលីប្រចំាកម្ពុជា លោក Pablo Chiho Kang បានស្ងើចសរសើរចំពោះកាយវិការមនុស្សធម៌ពិតៗរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីកន្លងទៅថ្មីៗនេះ ក្នុងនោះក៏មានជាតិអូស្ដ្រាលី ប្រមាណ ៨០នាក់ផងដែរ។

នេះជាកាយវិការមួយដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ជាការជួយសង្គ្រោះ និងគិតគូរអំពីសុខភាពដល់អ្នកដំណើរលើកប៉ាល់យ៉ាងពិតប្រាកដ ឱ្យមានលទ្ធភាពបាន ធ្វើដំណើរវិលត្រលប់ទៅផ្ទះ និងប្រទេសរបស់រៀងៗខ្លួនវិញ។

ទន្ទឹមនឹងនោះដែរ ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃប្រទេសអូស្ដ្រាលីប្រចំាកម្ពុជា លោក Pablo Chiho Kang បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងមន្ដ្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ទាំងអស់របស់កម្ពុជា ដែលសកម្មក្នុងការជួយត្រួតពិនិត្យសុខភាព របស់ប្រជាជនខ្លួន និងប្រជាជនជាង ៤០ប្រទេសផ្សេងទៀត យ៉ាងយកចិត្ដទុកដាក់ខ្ពស់ ដើម្បីស្វែងរកភាពអវិជ្ជមាននៃវីរុសកូរ៉ូណាថ្មី ដែលហៅថា Covid-19នេះ។

ការថ្លែងបែបនេះរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាពរូបនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ជាមួយគ្នានេះ លោក Pablo Chiho Kang បានថ្លែងបន្ដថា តាមរយៈកិច្ចសហប្រតិបត្ដិការទ្វេភាគី រដ្ឋាភិបាលអូស្ដ្រាលី និងកម្ពុជា, អូស្ដ្រាលី នឹងបន្ដគម្រោងទ្រទ្រង់វិស័យសុខាភិបាល ជាបន្ដបន្ទាប់ទៀត ក្រៅពីគម្រោងកន្លងមក។

លោក Pablo Chiho Kang បានថ្លែងបន្ដថា រដ្ឋាភិបាលអូស្រ្ដាលី បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្ដិការលើវិស័យសុខាភិបាលដល់កម្ពុជា ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ន ក្នុងទឹកប្រាក់ប្រមាណ ១៥៥លានដុល្លារអូស្ដ្រាលី ក្នុងក្របខណ្ឌទ្វេភាគី ហើយនឹងបន្ដផ្ដល់ចំនួន ២៨.៩លានដុល្លារអូស្រ្ដាលីបន្ថែមទៀត ក្នុងរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២១ ដែលសរុបស្មើនឹង ១៨៣.៩លានដុល្លារអូស្ដ្រាលី ។

ចំនួនទឹកប្រាក់ទាំងអស់នេះ បានកំពុងចូលរួមចំណែកក្នុងគម្រោងសមធម៌ និងកែលម្អគុណភាពសេវាសុខាភិបាលកម្ពុជា ចំនួន៥០លានដុល្លារអូស្ដ្រាលី ក្នុងរយៈពេល៥ឆ្នាំ (២០១៦-២០២១), ចូលរួមចំណែកក្នុងគម្រោងទ្រទ្រង់វិស័យសុខាភិបាលជំហានទី២ ប្រមាណជា ៧១.១៥លានដុល្លារអូស្ដ្រាលី។

ថវិកាទាំងនេះ ក៏បានចូលរួមចំណែកក្នុងគម្រោង សុខភាពបន្ដពូជ និងសុខភាពមាតា និងកុមារ ចំនួន១៩.៧៥លានដុល្លារអូស្ដ្រាលី និងសុខភាពពលរដ្ឋក្រីក្រ ចំនួន១៤លានដុល្លារអូស្ដ្រាលី។ ក្រៅពីនោះ ក៏មានកិច្ចសហប្រតិបត្ដិការពហុភាគី ដោយសហការជាមួយគម្រោងអង្គការនានា ដើម្បីជួយលើកកម្ពស់វិស័យសុខាភិបាល និងសុខភាពប្រជាជនកម្ពុជាផងដែរ។

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រា ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ដ្រាលី ដែលតែងតែជួយគាំទ្រឧបត្ថម្ភ ដល់លើវិស័យសុខាភិបាលកម្ពុជា កន្លងមក រហូតដល់បច្ចុប្បន្ននេះ តាមរយៈសកម្មភាពផ្សេងៗ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងបញ្ជាក់ពីករណីភ្ញៀវទេសចរណ៍ក្នុងកប៉ាល់ Westerdam ចូលសំចតនៅកម្ពុជាថ្មីៗនេះថា មកទល់នឹងពេលនេះ នៅតែបន្ដភាពអវិជ្ជមាននៅឡើយ បន្ទាប់ពីត្រួតពិនិត្យសុខភាពយ៉ាងយកចិត្ដទុកដាក់ខ្ពស់បំផុតក្នុងការស្វែងរកវីរុសកូរ៉ូណា (Covid-19)នេះ៕