(សៀមរាប)៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ គាំពារសង្គម ក្រោមការដឹកនាំរបស់លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិលើកទី២ ដើម្បីផ្សព្វផ្សាយ «ក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម២០១៦-២០២៥» ដល់បណ្ដាលមន្ទីរពាក់ព័ន្ធ ក្នុងខេត្តសៀមរាប។

លោក ចន ណារិទ្ធ បានថ្លែងឲ្យដឹងថា សិក្ខាសាលាផ្សព្វផ្សាយពី «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥» បានឆ្លុះបញ្ចាំងពី ការកសាងប្រព័ន្ធគាំពារនៅកម្ពុជា ហើយក្នុងនោះក៏សូមថ្លែងចំពោះលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំងអង្គសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅក្នុងសិក្ខាសាលានេះ ក៏ដូចជាអង្គការ GIZ ដែលបានផ្តល់ការសហការ និងគាំទ្រក្នុងការរៀបចំសិក្ខាសាលា ដ៏មានសារសំខាន់នេះឡើង។

លោកបានបន្ដថា ជាមួយនឹងទស្សនៈ ក្នុងការប្រែក្លាយកម្ពុជាពី ប្រទេសដែលមានចំណូលមធ្យម កម្រិតទាបទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលទទួលស្គាល់យ៉ាងមុតមាំ នូវតួនាទីនៃការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម។

លោកបន្ថែមថា ឈរលើស្មារតីធានាសន្តិសុខប្រាក់ចំណូល របស់ប្រជាជនរាជរដ្ឋាភិបាលបានកំណត់ ចក្ខុវិស័យរយៈពេលវែង សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមគឺ ការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន, ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

លោក ចន ណារិទ្ធ ឲ្យដឹងថា ក្របខ័ណ្ឌគោលនយោបាយជាតិ គាំពារសង្គម២០១៦-២០២៥ ជាឯកសារគោលឆ្លុះបញ្ចាំង អំពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជារៀបចំឡើង ដើម្បីកំណត់ជាគោលដៅយុទ្ធសាស្រ្ត សម្រាប់អភិវឌ្ឍន៍កម្នវិធីដែលផ្តល់កិច្ចគាំពារ កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រជាជន សំដៅលើការលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

លោកបានបញ្ជាក់ថា «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម» ត្រូវបានចាត់ទុកជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំ និងបំពេញការងារទៅតាមមុខងារ និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បទបង្ហាញនានាក្នុងសិក្ខាសាលានេះ នឹងផ្តោតជាពិសេសលើខ្លឹមសារ និងអភិក្រមនៃការអនុវត្តនូវឯកសារដើម ជាគោលនយោបាយគោល។

លោកបន្ថែមថា ការអនុវត្តនូវកម្មវិធីជាតិ និងរបបនានាក្នុងប្រព័ន្ធគាំពារសង្គម ដែលមានចង្អុលបង្ហាញ ក្នុងក្របខ័ណ្ឌ-គោលនយោបាយជាតិនេះផ្តល់ ដល់ក្រុមប្រជាជនគោលដៅ នូវអត្ថប្រយោជន៍ដែលជួយ សម្រាលបន្ទុកជីវភាពបង្កើន អាហារូបត្ថម្ភ និងលំនឹងក្នុងការរស់នៅ ក៏ដូចជាសន្តិសុខប្រាប់ចំណូល ទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអត្ថប្រយោជន៍ទាំងនេះ នឹងអាចផ្តល់បានគ្រប់ជ្រង់ជ្រោយ ទៅតាមការគិតគូរ តែក្នុងករណីដែលគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (ជាពិសេសនៅថ្នាក់មូលដ្ឋាន) សហការគ្នាជាធ្លុងមួយក្នុងដំណើរនៃការអនុវត្តកម្មវិធី និងរបបទាំងនោះ ហើយប្រជាជនដែលជាអ្នកទទួលផលពី ការគាំពារយល់ច្បាស់ពី ផលដែលពួកគាត់គួរទទួលបាន និងត្រូវធ្វើអ្វើខ្លះ ដើម្បីទទួលបានផលទាំងនោះ៕