(កណ្ដាល)៖ លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ខណៈសាសនានេះ បាននាំមកនូវសុខសន្តិភាព អប់រំមនុស្សឱ្យធ្វើអំពើល្អ ជួយសង្គមជាដើម អប់រំមនុស្សឱ្យចេះស្រឡាញ់គ្នា គោរពគ្នា និងចូលរួមកសាងសង្គមជាតិ ឱ្យមានការរីកចម្រើន។

ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត បានលើកឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅគ្រាដែលលោកចូលរួមក្នុងពិធីស្រោចស្រព សុគន្ធវារី តែងតាំងព្រះចៅអធិការ ឆ្លងរបង និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តខេមររាជការាម ហៅវត្តប៉ាកណាម ស្ថិតក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ព្រះសង្ឃ លោក-លោកស្រីអភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សា អភិបាលស្រុក-មេឃុំ និងប្រជាពលរដ្ឋសរុប ចំនួន ៥៤៥ អង្គ/នាក់។

លោកបណ្ឌិតម៉ៅ ភិរុណ បានបញ្ជាក់ថា កត្តាសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានការរីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើន មានការកសាងសមិទ្ធផលនានាជាច្រើនក្នុងវត្តអារាម ពិសេសបានអប់រំព្រះធម៌ ដល់ពុទ្ធសាសនិកទាំងឡាយឱ្យស្រឡាញ់ធម៌ ស្រឡាញ់អំពើល្អ និងស្រឡាញ់សន្តិភាពជាដើម។

សូមបញ្ជាក់ថាសមិទ្ធផលដែលតត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធីពេលនេះរួមមាន៖ របងវត្តធ្វើពីបេតុងប្រវែង ២០៧ម៉ែត្រកម្ពស់ ២ម៉ែត្រ, របងលួសបន្លាប្រវែង ១០៣៣,៥១ម៉ែត្រ, ក្លោងទ្វារសាលាបឋមសិក្សាវត្តបាក់ណាម, ឃឿនចិញ្ចើមផ្លូវធ្វើពីថ្មម៉ាតប្រវែង ២៣០ម៉ែត្រ, ផ្លូវបេតុងចូលវត្តទទឹង ៦ម៉ែត្រ មានបណ្ដោយ ២៥០ម៉ែត្រ និងបេតុងចាក់សាបក្នុងបរិវេណវត្តទំហំ ១០៤,៨១ម៉ែត្រការ៉េ។

ក្រៅពីនេះ លោកអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាចំនួន ២០៤៦២ដុល្លា រនិងស៊ីម៉ងត៍ចំនួន ១០តោន សម្រាប់កសាងសាលាធម្មសភាថ្មី ដែលកំពុងសាងសង់បានប្រមាណ ៨០ភាគរយផងដែរ៕