(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យស្នើក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យមានការប្រយ័ត្នប្រយែងខ្ពស់ និងចូលរួមទប់ស្កាត់ជំងឺផ្តាសាយបក្សី ខណៈជំងឺនេះកំពុងកើតមាននៅតំបន់ភាគខាងត្បូង ប្រទេសវៀតណាម។

ការស្នើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុ ន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំដូចជាមានបញ្ហាមួយ តែបញ្ហានឹងក៏ជិតដល់ដែរ វិស័យកសិកម្ម អីឡូវហ្នឹងត្រូវពិនិត្យមើលទាក់ទិន នឹងវិស័យកសិកម្មរបស់យើងកំណើន វិស័យកសិកម្មវានៅក្នុងកម្រិតទាប តែក៏យើងជិតដល់ពេលធ្វើសន្និបាតដែរ ប៉ុន្តែខ្ញុំទើបទទួលព័ត៌មាន ជំងឺគ្រុនផ្តាសាយបក្សីនៅវៀតណាម ចាប់ផ្តើមផ្ទុះនៅភាគខាងត្បូងវៀតណាមតែម្តង ចាប់ផ្តើមផ្ទុះនៅភាគខាងត្បូង អញ្ចឹងទេត្រូវយកវិធានការណ៍ ប្រយ័ត្នប្រយែង អញ្ចឹងបានថាអារឿងបញ្ហាជំងឺនេះ វាទៅ វាមក មកអំពីបញ្ហាប្រែប្រួលអាកាសធាតុហ្នឹងឯង វាអត់ទៅណាទេ»

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកដែលថា កាលពីប៉ុន្មានខែមុនមានករណីផ្ទុះជំងឺបេស្តជ្រូកអាហ្វ្រិក បានកើតមានឡើង នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ដូច្នេះកត្តាដែលនាំឱ្យកើតមានជំងឺផ្សេងៗ គឺអាចបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ ហើយសម្រាប់បញ្ហាកើតមាន ជំងឺបេស្តជ្រូកអាហ្វ្រិកនេះឡើង រដ្ឋាភិបាលប្រទេសវៀតណាម បានសម្លាប់សត្វជ្រូក នៅក្នុងប្រទេសរបស់ខ្លួន អស់រាប់ម៉ឺនក្បាល ដើម្បីបង្ការកុំឱ្យជំងឺនេះ រីករាល់ដាលខ្លាំងនៅក្នុងប្រទេសខ្លួន និងឆ្លងដល់ប្រទេសជិតខាងរួមទាំងប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមយ៉ាងដូច្នេះថា៖ «មិនដឹងពិតដល់កម្រិតណានោះទេ ប៉ុន្តែឮថាជំងឺគ្រុនផ្តាសាយបក្សី បានឆ្លងរាល់ដាល នៅភាគខាងត្បូងវៀតណាមតែម្តង អញ្ចឹងទេយើងត្រូវតែប្រយ័ត្នប្រយែង ប្រយ៉ាតអាជំងឺមាន់នៅខាងវៀតណាម បែរជាអ្នកខាងណោះខ្លាច គេសម្លាប់មាន់ប្រឹងលក់មាន់មកខាងកម្ពុជា បញ្ជូនជំងឺគ្រុនផ្តាសាយបក្សីចូលមកខាងកម្ពុជា»

ពាក់ព័ន្ធនឹងការរីករាល់ដាលជំងឺផ្តាសាយបក្សី សារជាថ្មីនៅភាគខាងត្បូងប្រទេសវៀតណាមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពកក់ក្តៅ និងទុកចិត្តថា ប្រទេសវៀតណាមផ្ទាល់ដែលកំពុងតែជួបបញ្ហាផ្ទុះជំងឺផ្តាសាយបក្សីនេះថ្មី ហើយប្រទេសវៀតណាមច្បាស់ណាស់នឹងមានការទទួលខុសត្រូវខ្ពស់របស់ខ្លួន សម្រាប់ការពារកុំឱ្យជំងឺនេះរីករាល់ដាលឆ្លងទៅតំបន់ផ្សេង ឬប្រទេសដទៃទៀត។

ដោយភ្ជាប់នឹងបញ្ហាជំងឺដែលបានកើតមានឡើងថ្មីៗ នៅលើពិភពលោកយើងនេះដែរ សម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បញ្ហាការរីករាលដាលជំងឺបង្កដោយមេរោគ កូរ៉ូណា ថ្មី «COVID19» វាមិនមែនជារឿងថ្មីសម្រាប់ពិភពលោកយើងនេះនោះទេ ហើយរឿងថ្មី សម្រាប់មនុស្សជាតិទូទាំងពិភពលោក គឺរឿងភ័យខ្លាច និងការរើសអើងនេះតែម្តង តែរឿងវីរុស មិនមែនជារឿងថ្មីនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាបន្ថែមទៀត បញ្ហាកកើតមានឡើងនៅជំងឺថ្មីៗ បានបង្កឱ្យបណ្តាប្រទេសនានា បានជួបនូវផល លំបាកយ៉ាងខ្លាំង សម្រាប់សេដ្ឋកិច្ចជាតិ និងបានជះឥទ្ធិពលមួយចំនួនដល់បណ្តាប្រទេសជិតខាងផងដែរ។ សម្តេចក៏បានក្រើនឮក ឱ្យជំរុញការដាំដុះដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់អ្នកទេសចរ និងការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្រុក ព្រមទាំងជួយទប់ស្កាត់ការនាំចូលពីក្រៅ។

គួរជម្រាបថា បើតាមសារព័ត៌មានវៀតណាម បានរាយការណ៍ឱ្យដឹងថា នៅខេត្តត្រាវិញ ភាគខាងត្បូង ប្រទេសវៀតណាម ត្រូវបានគេប្រទះឃើញថា មានករណីផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅទីនោះ។ ដែលដកស្រង់ការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមជំនាញរបស់វៀតណាម បានបញ្ជាក់ថា កសិដ្ឋានចញ្ចឹមមាន់របស់អ្នកភូមិពីរកន្លែង ដែលស្ថិតនៅស្រុកកូកេ (Cau Ke) នៃខេត្តត្រាវិញត្រូវបានគេតេស្តរកឃើញវីរុស A/H5N1 ក្នុងនោះសត្វមាន់ជាង ១,០០០ក្បាលត្រូវបានសម្លាប់ចោល។ ដូច្នេះនាយកដ្ឋាន ក៏បានណែនាំដល់គ្រួសារក្នុងតំបន់ ឱ្យចេះសម្អាតកន្លែងចញ្ចឹមមាន់ឱ្យបានពីរដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍ ដើម្បីបង្ការកុំឱ្យរីករាលដាលនៃជំងឺនេះ។

ប្រទេសវៀតណាមបានរាយការណ៍ អំពីការផ្ទុះជំងឺផ្តាសាយបក្សីចំនួន ១៦លើក ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ ក្នុងនោះមានករណីផ្ទុះជំងឺផ្តាសាយបក្សីប្រភេទ A/H5N6 ចំនួន ១៤ករណី និងប្រភេទ A/H5N1 ចំនួន ០២ ករណីនៅភាគខាងជើងទីក្រុងហាណូយ ខណៈសត្វមាន់ដែលត្រូវបានសម្លាប់ចោល មានចំនួនច្រើនជាង ៥៥.០០០ក្បាល៕