(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា ដែលជាឧស្សាហកម្មដ៏សំខាន់មានរោងចក្រចំនួន១២០ មានកម្មករជាង១៥ម៉ឺននាក់ក្នុងនោះ៨៥%ជាស្ត្រី បានសម្តែងនូវការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប លើការកាត់ចេញផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុញ (EBA) ទៅលើវិស័យស្បែកជើងនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

សមាគមស្បែកជើងកម្ពុជា បានបញ្ជាក់ថា «សូមសម្តែងនូវការខកចិត្ត ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្នុងការស្នើឱ្យមានការដកផ្នែកខ្លះនៃកម្មវិធីអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ (EBA) ប្រហែល ៣០ភាគរយនៃការនាំចេញស្បែកជើងរបស់កម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដែលជាការធ្លាក់ចុះយ៉ាងខ្លាំង សម្រាប់វិស័យនេះដែលបានផ្តល់ការងារ ដល់ប្រជាជនកម្ពុជាដែលភាគច្រើនជាស្ត្រី»

សមាគមស្បែកជើងកម្ពុជាបន្តថា វិស័យស្បែកជើងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបង្កើតការងារ បង្កើនប្រាក់ឈ្នួល និងជួយប្រជាជនរាប់សែននាក់ឲ្យរួចផុតពីភាពក្រីក្រ។

សមាគមស្បែកជើងកម្ពុជា សង្កត់ធ្ងន់ថា «ក្នុងពេលនេះ យើងសោកស្តាយចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងផលប៉ះពាល់អវិជ្ជមាន ដែលមិនមានការធានា ចំពោះកេរ្តិ៍ឈ្មោះនៃវិស័យស្បែកជើង ការបាត់បង់ការងារ និងផលប៉ះពាល់មិនសមមាត្រ វានឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មរបស់យើង។ យើងសូមស្នើសុំដោយទទូចដល់សហគមន៍អឺរ៉ុប ឲ្យពិចារណាឡើងវិញ ចំពោះការដកដោយផ្នែកនេះ និងសូមកុំឲ្យមានការបន្តនីតិវិធី ក្នុងការអនុវត្តន៍បន្តទៀត»

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤១មុខរបស់កម្ពុជា។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ។

ក្រោយមានការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ក្រសួងការបរទេសកម្ពុជា, ក្រសួងពាណិជ្ជកម្ម, វិស័យឯកជនរបស់កម្ពុជា, សមាគមរោងច្រកកាត់ដេរកម្ពុជា និងរួមទាំងសហជីពកម្មកររាប់ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវកាខកចិត្តចំពោះការសម្រេចរបស់អឺរ៉ុបនេះ និងចាត់ទុកថាការសម្រេចនេះ គឺជារឿងអយុត្តិធម៌បំផុត៕