(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនបង្កម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បើប្រគល់ជូនតំណាង អយ្យការចោទប្រកាន់តាមច្ប់ាប់ ពាក់ពន្ធ័ករណីបើករថយន្តដេញបំបុកជនរងគ្រោះ បណ្ដាលឱ្យបាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីរំលងអាធ្រាត្រ យប់ថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២០កន្លងទៅ ស្ថិតភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមលោកវរសេនីយឯក ហូ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានឱ្យអង្គភាពព័ត៌មាន Fresh News ដឹងថា បុរសម្នាក់នេះ ត្រូវបានសមត្ថកិច្ចរបស់លោកចាប់ឃាត់ខ្លួន ក្រោយពីរូបគេ បានប្រព្រិត្តអំពើរឃាតកម្ម (បើកឡានបំបុកគេបណ្ដាលឱ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់) កាលពីវេវេលាម៉ោង១២៖០០នាទី រំលងអាធ្រាត្រយប់ថ្ងៃទី១៦ ខែកម្ភៈ ឆ្នាំ២០២០កន្លងទៅ ស្ថិតត្រង់ចំណុចមុខបុរីឃិត ឈឿន ផ្លូវ ១០K ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោកអធិការ ហូ ម៉េងវ៉ាង បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះមោះ ហាក់ សុភានិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ (មន្ត្រីសារព័ត៌មាន) ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ចំណែកជនរងគ្រោះទាំង២នាក់រួមមានទី១៖ ឈ្មោះ វឿន ផានិត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ (ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត) និងទី២៖ ឈ្មោះ សួន លាស់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅផ្ទះសង់ថ្មី ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រៃកព្នៅ (របួសក្បាលធ្ងន់ធ្ងរកំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត)។

បើតាមលោកអធិការបានឱ្យដឹងទៀតថា យោងតាមចម្លើយជនសង្ស័យបានសារភាពថា នៅមុនពេលកើតហេតុខ្លួនបានបើករថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2BD-6717 ស្របទិសគ្នាពីក្រោយម៉ូតូជនរងគ្រោះ នៅពេលកំពុងបើកបរខ្លួន បានចុចស៊ីផ្លេសុំផ្លូវ តែត្រូវក្រុមជនរងគ្រោះ ខឹងជិះម៉ូតូ ដេញតាមពីក្រោយដោយគប់មកលើរថយន្តរបស់ខ្លួន។ នៅពេលនោះខ្លួនក៏បានបើករថយន្តបំបុក និងបានឈប់ឱ្យពួកគេ (ជនរងគ្រោះ) សងការខូចខាត ប៉ុន្តែ ជនរងគ្រោះរងរបួសធ្ងន់ ក៏ជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ ទៅដោយមិនបានដឹងថា ជនរងគ្រោះម្នាក់បានស្លាប់នោះឡើយ។ ចំណែកព័ត៌មានពីភាគីជនរងគ្រោះមិនទាន់ដឹងនៅឡើយទេ ដោយសារតែជនរងគ្រោះ មិនអាចនិយាយបាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះទៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិត ប៉ុន្តែ ជនរងគ្រោះម្នាក់បានស្លាប់នៅឯមន្ទីរពេទ្យ។ នៅកន្លែងកើតហេតុ ប៉ូលីសបានកត់ត្រាវាស់វែង និងនាំយកម៉ូតូ របស់ជនរងគ្រោះចំនួន២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានដែលម៉ូតូទាំង២គ្រឿងនោះ ១៖ ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HY-5763 ម៉ូតូ របស់ជនរងគ្រោះ ទី២៖ ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខព្រះវិហា1C-6340។

ចំពោះការស្លាប់របស់ជនរងគ្រោះវិញ ត្រូវគេព្យាយាមលាក់បាំងព័ត៌មាន ប៉ុន្តែលុះព្រឹកឡើង សមត្ថកិច្ចបានកោះហៅជនបង្កឱ្យចូលខ្លួន មកដោះស្រាយបញ្ចប់រឿង នៅស្នាក់ការប៉ុស្ត៍នគបាលគោកឃ្លៀង ទើបធ្វើការឃាត់ខ្លួនតែម្តង ដោយសមត្ថកិច្ចបានចោទប្រកាន់ ជនបង្ករពីបទឃាតកម្មកម្មបើកឡានបំបុកមនុស្សសម្លាប់ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕