(ភ្នំពេញ)៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តទទួលបាននូវទេយ្យវត្ថុពីព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ ដើម្បីត្រៀមបង្ការចែកជូនទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ នៅតាមភូមិ-សង្កាត់ក្នុងមូលដ្ឋាន។

នាឱកាសទទួល និងប្រគល់ទេយ្យវត្ថុខាងលើនេះ ក៏មានព្រះវត្តមានរបស់ព្រះតេជគុណព្រះអនុគណខណ្ឌ, ព្រះចៅអធិការវត្តទួលសុវណ្ណរាម និងព្រះគ្រូសូត្រស្ដាំ វត្តកោះមេត្តាពោធិវង្ស លោក-លោកស្រី មន្ត្រីជាសមាជិកគណៈកម្មាធិការអនុសាខាផងដែរ ដែលបានរៀបចំឡើងស្ថិតនៅសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងពិធីទទួល និងប្រគល់ទេយ្យវត្ថុនេះ, ក្រៅពីជួយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ នាពេលនេះ, ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ បានមានព្រះថេរដីកាថា នៅតែបន្តជួយឧបត្ថម្ភជានិច្ច និងជារៀងរាល់ខែបន្តទៀត មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ ដើម្បីលើកតម្កើង និងអភិវឌ្ឍន៍ផ្នែកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ឲ្យកាន់តែមានភាពរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាឱកាសទទួល និងប្រគល់ទេយ្យទាននេះ លោក ជា ពិសី ជំនួសមុខឲ្យកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌ ដោយបានផ្ដល់ជូននូវវប្បធម៌ចែករំលែក ទាំងគ្រឿងឧបភោគបរិភោគ សម្ភារផ្សេងៗ ក៏ដូចជាបច្ច័យ មកដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងគោលបំណងចូលរួមគាំទ្រ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោក ជា ពិសី ក៏បានសន្យាបន្តនាំយកនូវទេយ្យទាន មានជាគ្រឿងឧបភោគ បរិភោគ សម្ភារ និងបច្ច័យដែលព្រះតេជគុណ សុវណ្ណធម្មថេរោ ច័ន្ទ សុភាព បានឧបត្ថម្ភជួយមកអនុសាខាកាកបាទ ក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ឲ្យស្របតាមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា សម្រាប់ទេយ្យវត្ថុ ដែលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ទទួលបានពីព្រះបរិត្ត សោភ័ណ ច័ន្ទ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះធម្មធរ អនុគណខណ្ឌរួមមាន៖ អង្ករ ១,០០០គីឡូក្រាម, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៉ីវ ១០០យួរ, ទឹកបរិសុទ្ធ ១០០យួរ, ស្ករស១០០យួរ, បន្លុង ០៧សម្រាប់, សាដក ៨០កញ្ចប់, និងបច្ច័យ ៤,០០០,០០០ រៀល សរុបជាទឹកប្រាក់ស្មើនឹង ៧,១៨០,០០០រៀល៕