(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីនីតិវិធីប្រតិបត្តិស្ដង់ដារួមគ្នា និងផែនការត្រៀម ស្ដីពីកិច្ចសហប្រតិបត្ដិការមនុស្សធម៌ សម្រាប់ការឆ្លងព្រំដែន ការត្រៀមខ្លួន និងការឆ្លើយតប។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងមានការចូលរួម ពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កិច្ចប្រជុំត្រៀមលក្ខណៈទទួលយកពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្រៅប្រទេស ពេលត្រូវត្រឡប់ ឬបញ្ជូនមកប្រទេសកម្ពុជា ជៀសវាងស្ថានភាពភ្លាមៗ ដូចកាលពីឆ្នាំ២០១៤កន្លងទៅ។

កាលពីឆ្នាំ២០១៤កន្លងទៅ អាជ្ញាធរថៃ បានធ្វើការចាប់បញ្ជូនពលករកម្ពុជា ដែលធ្វើការមិនស្របច្បាប់នៅទីនោះ រាប់ម៉ឺននាក់ មកប្រទេសកម្ពុជាវិញ ដូច្នេះហើយ ដើម្បីជៀសវាងស្ថានភាពដូចនេះ ទើបគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំកិច្ចប្រជុំត្រៀមលក្ខណៈ និងរៀបចំផែនការទុកជាមុន ដើម្បីមានវិធានការដោះស្រាយ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា ក្រៅពីការត្រៀម លក្ខណៈជៀសវាងស្ថានភាពកើតឡើងភ្លាមៗ ដូចឆ្នាំ២០១៤កន្លងទៅ កិច្ចប្រជុំនេះគឺផ្ដោតសំខាន់លើការរួមគិត រួមធ្វើ ដើម្បីត្រៀមលក្ខណៈទុកជាមុន និងរំពឹងទុកអំពីផលប៉ះពាល់ទៅលើពលករទេសន្ដរប្រវេសន៍នៅក្រៅប្រទេស។

លោកស្រី ជូ ប៊ុនអេង បានអះអាងថា បច្ចុប្បន្ននេះប្រទេសនៅលើពិភពលោកទាំងអស់ បាននិងកំពុងប្រឈមជាមួយដំណើរការសង្វាក់ផលិតកម្ម ក្នុងនោះក៏អាចមានពលករកម្ពុជាមួយចំនួនអាចនឹងត្រឡប់មកវិញ នៅក្នុងដំណាក់ដែលរោងចក្រ សហគ្រាសនោះ ដំណើរការមិនល្អ។

លោកស្រីបានគូសបញ្ជាក់ទៀតថា ការគិតរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺការត្រៀមខ្លួនដើម្បីត្រៀមលក្ខណៈថា ប្រសិនបើពលករប្រឈមជាមួយនឹងការវិលត្រឡប់ ឬបញ្ជូនត្រឡប់ តើអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈយ៉ាងដូច្នេះ ព្រោះថាកម្ពុជាមិនចង់ឲ្យការវិលត្រឡប់នេះ ប្រឈមជាមួយបញ្ហាដូចកាលពីឆ្នាំ២០១៤នោះទេ។

អ្វីដែលអាជ្ញាធរកម្ពុជា កំពុងគិតនៅពេលនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីឲ្យពលករចំណាកស្រុកដែលអាចនឹងត្រឡប់មកវិញ មានសុវត្ថិភាពតាំងពីចេញដំណើរមក រហូតទៅរស់នៅក្នុងសហគមន៍វិញ។ នេះជាអ្វីដែលលោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់។

យ៉ាងណាក៏ដោយ លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា បើទោះរោងចក្រ សហគ្រាស នៅបរទេសមិនផ្អាក់ដំណើរការ ប៉ុន្ដែពលករចំណាកស្រុកដែលទៅពីកម្ពុជា ក៏មិនអាចធ្វើការអស់មួយជីវិតនៅទីនោះដែរ ច្បាស់ជាថ្ងៃណាមួយគាត់នឹងវិលត្រឡប់មកស្រុកកំណើតវិញដដែល ដូច្នេះអាជ្ញាធរត្រូវតែត្រៀមដើម្បីទទួលពួកគាត់។

សូមជម្រាបថា បច្ចុប្បន្នប្រទេសកម្ពុជា បានបញ្ជូនពលករទៅបម្រើការងារនៅប្រទេសចំនួន៦ រួមមាន ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។ ពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ៕