(ភ្នំពេញ)៖ លោកឧត្តមសេនីយឯក ឡឹក វណ្ណៈ នាយក នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនសង្ស័យជនជាតិជប៉ុនឈ្មោះ NONAKA SHUNICHI ដែលត្រូវសមត្ថកិច្ចពាក់ព័ន្ធប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម បានបញ្ជូនខ្លួនរួមជាមួយវត្ថុតាង (ថ្នាំញៀន) មកដល់តុលាការហើយ។

ពាក់ពន្ធ័ដល់ដើមចម នៃការឃាត់ខ្លួនបុរសជាតិជប៉ុនរូបនេះដែរលោក លឹម សម្បត្តិ ប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក លឹម សម្បត្តិ បានអះអាងថា ជនជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។

ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូននគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្ដតាមនីតិវិធី៕