(សៀមរាប)៖ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំសមាជិក យុវជន សិស្សានុសិស្ស និងអង្គភាពពាក់ព័ន្ធជាង ៣០០នាក់ ធ្វើពលកម្ម បោសសម្អាតសំរាម ស្លឹកឈើងាប់ ជម្រះស្មៅ ធ្វើជាផ្លូវការពារភ្លើងឆេះ ដែលអាចរាលដាលឆេះដល់ដើមឈើ ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលមានផ្ទៃដីប្រមាណជា ៥ហិកតា ក្នុងឧទ្យានអង្គរ។

លោកស្រី និងសហការី, រួមទាំងអ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា, និយោជិតសាខា, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរបរិស្ថាន, គរុសិស្សសរុបប្រមាណ ២០០នាក់ បានធ្វើពលកម្ម និងបោសសម្អាតសំរាម ក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ដើម្បីបញ្ជាក់ពី សកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា «យុវជនកំពុងនាំគ្នាធ្វើកម្មភាព» ផងដែរ ។

លោកនាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានរំលឹកថា ឧទ្យាននេះ គឺជាជម្រកធម្មជាតិបៃតងផង និងជាការលម្អរឧទ្យាននូវអង្គរផង បម្រើដល់វិស័យទេសចរណ៍បៃតងផង ព្រមទាំងបន្តឱ្យយុវជនជំនាន់ក្រោយ ចេះស្រឡាញ និងថែរក្សានូវធនធានធម្មជាតិ ព្រៃឈើ បរិស្ថានផងដែរ។

លោកស្រី ទាង អេង ទៀសីហា ក៏បានគូសបញ្ជាក់ថា ការធ្វើពលកម្ម និងសម្អាតបរិស្ថាននាពេល គឺដើម្បសបញ្ជាក់ឱ្យឃើញពីការចូលរួម ក្នុងការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិ ដែលមានសារសំខាន់សម្រាប់ជីវិតមុស្ស សត្វ និងរុក្ខជាតិនៅលើភពផែនដីនេះ។

ក្នុងនោះដែរលោកស្រី ក៏បានលើកផងដែរ អំពីការបាត់បង់ធនធានធម្មជាតិ បានធ្វើឱ្យភពផែនដីយើង មានការបម្រែបម្រួល អាកាសធាតុនាពេលបច្ចុប្បន្ននេះ ដោយតំបន់មួយចំនួនបានទទួលរងនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងគ្រោះភាពរាំងស្ងួត ជាដើម ហើយរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសេចក្តីជូនដំណឹង ស្តីពីការអាចខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ នៅតាមតំបន់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ផងដែរថា ឧទ្យានសហស្សវត្សរ៍ កាកបាទកស្រហមកម្ពុជា ដែលស្ថិតនៅតាមផ្លូវទៅប្រាសាទអង្គរវត្ត ដែលបានដាំដុះឡើង តាំងពីឆ្នាំ១៩៩៩ ក្រោមអធបតីភាពខ្ពងខ្ពង់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលមកដល់ពេលនេះមានអាយុកាល ២១ឆ្នាំហើយ ត្រូវបានដាំលើផ្ទៃដីទំហំជិត ៥ហិកតា និងមានដើមឈើប្រមាណ ២,៤៦០ដើម៕