(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា សម្តេចនឹងមិនធ្វើសេចក្តីថ្លែងការណ៍ អ្វីទាំងអស់ទៅកាន់សហគមន៍អឺរ៉ុប ពាក់ព័ន្ធនឹងការសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ឬEBA» ដែលផ្តល់ឲ្យកម្ពុជា។

សម្តេចក៏បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាទទួលយកការសម្រេចរបស់អឺរ៉ុប ប៉ុន្តែអឺរ៉ុបខ្លួនឯងក៏ត្រូវទទួលយកនូវការសម្រេចរបស់កម្ពុជាផងដែរ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ទំហំទឹកប្រាក់ដែលកម្ពុជា ត្រូវបង់ពន្ធសម្រាប់ផលិតផលនាំចេញទៅអឺរ៉ុប បន្ទាប់ពីអឺរ៉ុបកាត់ផ្នែកខ្លួននៃប្រព័ន្ធអនុគ្រោះពន្ធ EBA មានប្រមាណតែជាង១០០លានដុល្លារ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើង ក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំទទួលយកការសម្រេចរបស់អ្នក [គណៈកម្មការអឺរ៉ុប] តែសុំឲ្យអ្នកទទួលយកការសម្រេចរបស់កម្ពុជាផងដែរ។ វាជាសិទ្ធិរបស់គេ គេអ្នកសម្រេច តែគេក៏ត្រូវគោរពនូវសិទ្ធិសម្រេចរបស់យើងផងដែរ ខ្ញុំអត់មានអីតបតទេ ! ខ្មែរស់វេទនាណាស់ទម្រាំបានងើបឈរប៉ុណ្ណេះ ហើយបង់ពន្ធឲ្យគេទៅក្នុង១ឆ្នាំ១០០លាន ឬជាង១០០លានដុល្លារតិចតួចបង់ទៅ។ ផ្សារនៅតែនាំចូលនាំចេញដដែល ឲ្យក៏យក មិនឲ្យក៏ហី។ ប៉ុន្តែសេចក្តីថ្លែងការណ៍ផ្សេងៗ គឺចាំដល់ថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ២០២០ អីចឹងវាអត់មានសេចក្តីថ្លែការណ៍»

សម្តេចតេជោនាយករដ្ឋមន្ត្រីបាន បង្ហាញនូវក្តីបារម្ភចំពោះផលប៉ះពាល់ ដល់វិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងគ្រាដែលពិភពលោកកំពុង ជួបនូវវិបត្តិនៃការផ្ទុះឡើងនៃជំងឺ កូរ៉ូណា ឬ COVID-19 ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ ហើយករណីនេះសម្តេចបញ្ជាក់ថា មិនមែនកើតឡើងតែកម្ពុជានៅទេ សូម្បីសេដ្ឋកិច្ចអាស៊ី និងអឺរ៉ុបក៏ប៉ះទង្គិចលើវិស័យទេសចរណ៍ផងដែរ។

សម្តេចតេជោបានថ្លែងទៀថា ក្រៅពីប៉ះទង្គិចលើវិស័យទេសចរណ៍ហើយ ក៏មានការប៉ះពាល់ដល់ផ្នែកខ្លះនៃវិស័យឧស្សាហកម្មផងដែរ ដោយសារតែវត្ថុធាតុដើមដែលផលិតនៅចិន បន្ថែមលើសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក ដែលកំពុងកើតមាន ធ្វើឲ្យពិបាកនឹងព្យាករណ៍ទុកនូវកំណើនសេដ្ឋកិច្ចពិភពលោក ខណៈការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២០នេះ រំពឹងថាកើតឡើង៦.៥ភាគរយ ប៉ុន្តែកំណើននេះអាចនឹងមានការថមថយចុះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការថយចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មិនមែនដោយសារតែការកាត់ចេញផ្នែកខ្លះនៃ EBA នោះទេ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤១មុខរបស់កម្ពុជា។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ។

ក្រោយមានការសម្រេចរបស់គណៈកម្មការអឺរ៉ុបនេះ ក្រសួងការបរទេសកម្ពុជា, ក្រសួងពាណិជ្ជកម្ម, វិស័យឯកជនរបស់កម្ពុជា, សមាគមរោងច្រកកាត់ដេរកម្ពុជា និងរួមទាំងសហជីពកម្មកររាប់ម៉ឺននាក់ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវកាខកចិត្តចំពោះការសម្រេចរបស់អឺរ៉ុបនេះ និងចាត់ទុកថាការសម្រេចនេះ គឺជារឿងអយុត្តិធម៌បំផុត៕