(រតនគិរី)៖ កំណាត់ផ្លូវជាតិលេខ៧៦ និង៧៨ នឹងជួសជុលរួចរាល់នាពេលឆាប់ៗនេះ រីឯកំណាត់ផ្លូវ ៥គីឡូ ទៅស្រុកអណ្តូងមាស នឹងដាក់ឲ្យប្រើប្រាស់មុនចូលឆ្នាំខ្មែរក្រោយពីស្ថាបនារួច។ នេះជាការបញ្ជាក់របស់លោក សាយ សាមាន ប្រធានស្តីទីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh New នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ជាការកត់សម្គាល់មន្ទីរសាធារណការ និងដឹកជញ្ជូន សម្រេចបានសមិទ្ធផលជាច្រើន ក្នុងការជួសជុលលើកំណាត់ផ្លូជាតិលេខ៧៦ និងលេខ៧៨ ព្រមទាំងជួសជុល ស្ថាបនាផ្លូវក្នុងខេត្តរតនគិរីនាពេលកន្លងមក។

លោក សាយ សាមាន បានបញ្ជាក់ថា មន្ទីរបានសម្រេចសមិទ្ធផលជាច្រើន ដូចជាការជួសជុលកំណាត់ផ្លូវជាតិលេខ៧៦ នៅស្រុកលំផាត់ ប្រវែង១២០០ម៉ែត្រ និងកំណាត់ផ្លូវជាតិលេខ៧៨ នៅស្រុកស្រុកអូរយ៉ាដាវ ប្រវែង ១២០០ម៉ែត្រ និងធ្វើការជួសជុលថែទាំជាប្រចាំផ្លូវជាតិខាងលើនេះផងដែរ។

លោកប្រធានមន្ទីរស្តីទីរូបនេះ បន្តថា ក្រៅពីនេះ មន្ទីរបានស្ថាបនាលើកំណាត់ផ្លូវលេខ៣៧៨៩ ប្រភេទ DBST ទៅស្រុកអណ្តូងមាស បានប្រវែង៥គីឡូម៉ែត្រ និជួសជុលផ្លូវប្រភេទ DBST៣៧០០ម៉ែត្រ។

លោក សាយ សាមាន បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្នុងអណត្តិលោក ទោះបីការងារមានការលំបាកស្មុកស្មាញប៉ុណ្ណាក៏ដោយ គឺខិតខំជាមួយមន្ត្រីក្រោមឱវាទបន្តសកម្មភាព និងទទួលបទបញ្ជាថ្នាក់លើ ដើម្បីសម្រេចផែនការឲ្យខាងតែបានក្នុងរដូវប្រាំងនេះ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិ៧៦ ប្រវែង ១២០០ម៉ែត្រ និងលេខ ៧៨ប្រវែង ១២០០ម៉ែត្រ ជួសជុលតាំងពីខែតុលាឆ្នាំ២០១៩ រីឯផ្លូវទៅស្រុកអណ្តូងមាស នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ៕