(កណ្ដាល)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថា រាជរដ្ឋាបាលកម្ពុជាក្រោមម្លប់សន្តិភាពដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវើលដ៍ប្រីដហូម ដែលបានជួយសាងសង់លំនៅស្ថានលក់ដល់កម្មករ-កម្មការិនី មន្ត្រីរាជការ និងអ្នកមានចំណូលទាប ក្នុងតម្លៃទាបបំផុត និង បង់រំលោះក្នុងតម្លៃតិច ជាមួយនឹងការបង់មានរយៈពេលវែង ខណៈគម្រោងនេះពិតជាបានជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋបានយ៉ាងច្រើន។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ នៅគ្រាដែលលោក ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនវើលដ៍ប្រីដហូម នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលមានវត្តមានចូលរួមផងដែរពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀត។

លោក ជា សុផារ៉ា បានបន្តថា គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល បានព្យាយាមរកដៃគូរទុកចិត្ត ក្នុងការជួយកសាងលំនៅឋានសមរម្យសំរាប់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដើម្បីលើកកម្ពស់ និងជួយពលរដ្ឋយើងឲ្យមានលំនៅឋានសមរម្យជាកម្មសិទ្ធិផ្ទាល់ខ្លួននឹងគេ ព្រោះក្នុងជីវិតមនុស្សយើងម្នាក់ៗ លំនៅឋានពិតជាទ្រព្យសំខាន់មួយដែលយើងត្រូវការ មុនគេសំរាប់ រស់នៅ ហើយការជួយនេះពិតជាបានឆ្លុះបញ្ជាំងឲ្យឃើញពីទឹកចិត្តសប្បុរសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានជួយជ្រោមជ្រែងដល់គម្រោងលំនៅឋានសមរម្យនេះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើ និងជំរុញឲ្យមានការពន្លឿនក្នុងការកសាងលំនៅឋានឲ្យបានច្រើន ពិសេសខាងទឹកភ្លើងឲ្យបានគ្រប់គ្រាន់ និងលឿនរហ័ស ដើម្បីបង្កភាពងាយស្រួល ដល់ការរស់នៅរបស់ពលរដ្ឋយើង។

ទន្ទឹមនឹងសារនេះ លោកបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងដែរថា រដ្ឋបាលខេត្តបានខិតខំព្យាយាមសម្របសម្រួល និងបង្កភាពងាយស្រួលគ្រប់កិច្ចការទាំងអស់ ទាក់ទិននឹងដំណើរកសាងលំនៅឋាន សំរាប់ពលរដ្ឋមានជីវភាពក្រីក្រ ដើម្បីចូលរួមលើកកម្ពស់ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកថា ទាំងនេះពិតជាបានបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាព និងការរីកចំរើន ពិសេសផ្ដោតសំខាន់ឲ្យឃើញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដល់ពលរដ្ឋពលរដ្ឋក្រីក្រ ទាំងអស់ ឲ្យមានលំនៅឋានសមរម្យរស់នៅនឹងគេ ខណៈតម្លៃក៏ទាប និងលក្ខណបង់រំលោះក៏មានភាពងាយស្រួលផងដែរ។

សូមជម្រាបថា គម្រោងលំនៅឋានតម្លៃសមរម្យមានចំនួន៥ បាននិងកំពុងអនុវត្តន៍នៅកម្ពុជា ខណៈ២គម្រោង ស្ថិតនៅរាជធានីភ្នំពេញ, ២គម្រោងស្ថិតនៅខេត្តកណ្ដាល និងមួយគម្រោងស្ថិតនៅ ខេត្តបន្ទាយមានជ័យ ដែលសរុបលំនៅឋានទាំងអស់មានចំនួន ៨៣៣១ខ្នង ដែលលក់ក្នុងតម្លៃក្រោម ៣ម៉ឺនដុល្លាសហរដ្ឋអាមេរិក៕