(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រសាសន៍ថា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចអនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy និងម្ចាស់នាវា Westerdam ដែលសុំចូលជួបសំណេះសំណាល និងថ្លែងអំណរគុណសម្ដេច បន្ទាប់ពីអនុញ្ញាតឲ្យនាវាទេសចរណ៍ដ៏មួយនេះ ចូលសំចតនៅប្រទេសកម្ពុជា ក្រោយប្រទេស និងកោះចំនួន៦បដិសេធ។

ការមានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សា ឆ្នាំ២០១៨-២០១៩ សរុបជិត២០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ល្ងាចនេះខ្ញុំជួបឯកអគ្គរដ្ឋទូតអាមេរិកផង ហើយក៏ជួបជាមួយប្រធានកប៉ាល់ ដែលគេសុំមកថ្លែងអំណរគុណដោយផ្ទាល់ ចឹងទេយើងខិតខំធ្វើការងារនេះបន្ដទៀត រហូតដល់ចប់ចុងចប់ដើម»

សូមរំលឹកថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដអះអាងថា ការអនុញ្ញាតឲ្យនាវា Westerdam ចូលចតជាការបំពេញនូវកិច្ចការមនុស្សធម៌ ក្នុងនាមជាសមាជិក ក្នុងអង្គការអន្តរជាតិនានា ហើយសម្ដេចសង្កត់ធ្ងន់ថា កម្ពុជាមានទំនួលខុសត្រូវខ្ពស់លើអ្នកទេសចរលើនាវា Westerdam ពោលអ្នកទេសចរទាំងនេះ បានពិនិត្យសុខភាពយ៉ាងល្អិតល្អន់។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាមានការទទួលខុសត្រូវខ្ពស់ណាស់ មិនមែនសុខៗ ទៅទទួលជំងឺនោះទេ។ តែសម្តេចតេជោ ក៏បានបញ្ជាក់ដែរថា សម្តេចនៅតែរក្សាស្មារតី និងជំហរដើមរបស់សម្តេចថា ទោះបីលើនាវានោះមានអ្នកជំងឺ ក៏ត្រូវឲ្យចូលដែរ ហើយចូលលឿនបំផុត ដែលការអនុញ្ញាតឲ្យចូលទោះមានជំងឺនេះ គឺដើម្បីបើកការព្យាបាលឲ្យបានលឿនបំផុត៕