(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដលឿនដូចហោះ បួងចង្កូតមិនទាន់ជ្រុលបុកបង្គោលភ្លើង និងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុកែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុងភ្នំពេញ។

ប្រភពព័ត៌ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿង បើកបរដោយបុរសម្នាក់ម៉ាក TOYOTA CAMRY ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AC-0221 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវកោងហើយរថយន្ដបើកលឿនផង ក៏បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្ដាលឲ្យបាក់រលំ និងបន្ដទៅបុកកង់បីឥណ្ឌាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-9685 មួយគ្រឿងទៀត ដែលកំពុងចតបណ្ដាលឲ្យរងការខូចខាតខ្ទេចមួយ កំណាត់មុខទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុរួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែងនឹងស្ទូចយករថយន្ដ រួមទាំងកង់បីទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕