(ប៉ៃលិន)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយលោក ចេង ញ៉ាន់ អភិបាលខេត្តស្តីទី ដើម្បីឈ្វេងយល់អំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន ស្ថិតនៅសាលប្រជុំសាលាខេត្តប៉ៃលិន នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងពិធីជួបពិភាក្សាការងារនេះ លោក ចេង ញ៉ាន់ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន បានជម្រាបជូនគណៈប្រតិភូអំពីភូមិសាស្ត្ររបស់ខេត្ត សភាពការណ៍សន្តិសុខ ការរៀបចំសណ្តាប់ធ្នាប់នៅក្នុងខេត្ត សណ្តាប់ធ្នាប់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កិច្ចសហប្រតិបត្តិការអន្តរជាតិ វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយ ប្រសិទ្ធភាពការងារលើវិស័យសុខាភិបាល វិស័យថាមពល និងទឹកស្អាត វិស័យធារាសាស្ត្រ វឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាននៅក្នុងខេត្ត។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានលើកឡើងថា ការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការអភិវឌ្ឍមូលដ្ឋាន ដែលគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ បាននឹងកំពុងធ្វើការកែទម្រង់លើលិខិតគតិយុត្ត និងប្រកាសដាក់ឱ្យអនុវត្ត សំដៅធានាដល់ការផ្ទេរសិទ្ធិ អំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និង ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ទាក់ទងនឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ប្រធានគណៈកម្មការទី១០ បានកត់សម្គាល់ថា ការរៀបចំ និងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គឺដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងសំខាន់ៗចំនួន៣ គឺៈ ទី១-ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ទី២-ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន និងទី៣-ដើម្បីបង្កើនធនធាន និងការចូលរួមរបស់សហគមន៍ និងប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។

លោក ម៉ម ប៊ុននាង និងគណៈប្រតិភូ បានថ្លែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលបានខិតខំ និងការយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងធ្វើមូលដ្ឋានមានការរីកចម្រើនគួរឱ្យកត់សំគាល់។

បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានបន្តជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរក្រុងប៉ៃលិន ដោយមានការចូលរួមពីសំណាក់គណៈក្រុមប្រឹក្សាក្រុងប៉ៃលិន គណៈអភិបាលក្រុង ចៅសង្កាត់ ស្មៀន និងនាយប៉ុស្ត៍រដ្ឋបាលសង្កាត់ សរុបចំនួន៤៥នាក់ ស្ថិតនៅសាលាក្រុងប៉ៃលិន។

ក្នុងការជួបពិភាក្សានាឱកាសនោះ លោក ម៉ម ប៊ុននាង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ក្រុងប៉ៃលិន ព្រមទាំងអំពាវវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ ចូលរួមអប់រំ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង អំពើពុករលួយ និងអនុវត្តឱ្យបានប្រសើរនូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលរួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែក ព្យាបាល និងវះកាត់ ជាពិសេសត្រូវអប់រំ ដើម្បីឲ្យបុគ្គលម្នាក់ៗមិនចង់ពុករលួយ បង្ការទប់ស្កាត់ ដើម្បីមិនអាចពុករលួយ និងអនុវត្តច្បាប់បង្រ្កាបបទល្មើស ដើម្បីមិនហ៊ានពុករលួយ៕