(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២០ថា ស្រ្តីជនជាតិអាមេរិកដែលអាជ្ញាធរម៉ាឡេស៊ីរកឃើញថា មានផ្ទុកមេរោគ Covid-19 គឺមិនស្ថិតនៅក្នុងចំណោមមនុស្ស២០នាក់ ដែលមន្រ្តីជំនាញនៃក្រសួងសុខាភិបាលកម្ពុជាបានធ្វើតេស្តទេ ហើយអ្នកដំណើរទាំងអស់ក៏មិនត្រូវបានរកឃើញអ្នកណាម្នាក់មានជំងឺគ្រុនក្តៅនោះដែរ មុនឲ្យចាកចេញពីនាវា។

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ ដោយបន្តពង្រឹងការតាមដាន និងវិធានការឆ្លើយតបនឹងករណីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មីនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលម៉ាឡេស៊ី បានរកឃើញករណីកូរ៉ូណាថ្មី នៅលើខ្លួនអ្នកទេសចរម្នាក់ដែលធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ហើយបានចាកចេញពីកម្ពុជា។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ឡើងវិញថា បន្ទាប់ពីកម្ពុជាបានអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នោះ ក្រសួងសុខាភិបាល បានត្រួតពិនិត្យសីតុណ្ហភាពលើបុគ្គលទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា ហើយក៏មិនបានរកឃើញថានរណាម្នាក់មានជំងឺគ្រុនក្តៅនោះដែរ។

ក្រសួងសុខាភិបាល បានអះអាងថា ខ្លួនបាននិងកំពុងអនុវត្តតាមនិយាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក រាល់ពេលប្រតិបត្តិការនៅលើនាវា និងនៅដីគោក ដោយមានកិច្ចសហការជិតស្និទ្ធពីអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក(US CDC) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។ មកទល់នឹងពេលនេះ មិនមានប្រជាជនកម្ពុជាណាម្នាក់ដែលមានផ្ទុកវីរុស COVID-19 នោះទេ

ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ក៏បានធ្វើការណែនាំដល់សាធារណជនទាំងអស់ ត្រូវអនុវត្តការប្រុងប្រយ័ត្ន និងធ្វើអនាម័យជាស្តង់ដារ ដើម្បីកាត់បន្ថយការប៉ះពាល់ និងការចម្លងជំងឺមួយចំនួន។ ការប្រុងប្រយ័ត្នអនាម័យដៃជាប្រចាំ គ្រប់មាត់ និងប្រមុំនៅពេលក្អក និងកណ្តាស់ និងចៀសវាងការទាក់ទងជិតស្និទ្ធជាមួយអ្នកណាម្នាក់ ដែលមានរោគសញ្ញាផ្លូវដង្ហើមដូចជាក្អក និងកណ្តាសជាដើម៕

ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖