(ភ្នំពេញ)៖ យ៉ាងហោចណាស់មានភ្ញៀវទេសចរចំនួន ២៥៥នាក់ និងបុគ្គលិកតាមកប៉ាល់ចំនួន៧៤៧នាក់ ក្នុងនាវា Westerdam ត្រូវបានធ្វើតេស្តសុខភាព ដោយក្រុមវេជ្ជបណ្ឌិត ហើយកំពុងរង់ចាំលទ្ធផលរបស់ពួកគេ មុននឹងអនុញ្ញាតឱ្យចុះពីនាវា។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Holland America Line លើបណ្តាញសង្គម Facebook នៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

គិតរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានអ្នកដំណើរតាមនាវា Westerdam ចំនួនជាង១ពាន់នាក់ហើយ ក្នុងចំណោមភ្ញៀវទេសចរជាង១៤០០នាក់ ដែលធ្វើដំណើរទេសចរណ៍ជាមួយនាវា Westerdam បានចាកចេញពីកម្ពុជា និងនៅសល់ប្រមាណ៤០០-៥០០នាក់ទៀត កំពុងស្នាក់នៅកម្ពុជា។

ដោយក្នុងនោះមានអ្នកទេសចរជាង១២០នាក់ ដែលបានពិនិត្យសុខភាពរួចរាល់ហើយ បានធ្វើទេសចរនៅរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅលើកប៉ាល់ ជាមួយនឹងបុគ្គលិកនាវា Westerdam ជាង៨០០នាក់។

តាមការប្រកាសរបស់ក្រុមហ៊ុន Holland America Line បានឲ្យដឹងនៅថ្ងៃទី១៧​ ខែកុម្ភៈ ឆ្នាំ២០២០ថា នាវា Westerdam នៅតែស្ថិតនៅកំពង់ផែខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ជាកន្លែងដែលមន្ត្រីមកពីក្រសួងសុខាភិបាលកម្ពុជា កំពុងស្ថិតនៅលើនាវានៅថ្ងៃនេះ (ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ) ដើម្បីបញ្ចប់ការធ្វើតេស្តរកវីរុស COVID-19 លើភ្ញៀវទេសចរចំនួន២៥៥នាក់ និងបុគ្គលិកលើនាវា៧៤៧នាក់ ដែលកំពុងរង់ចាំលទ្ធផល យើងរំពឹងថាវានឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃទៀត។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរទាំងអស់ ដែលបានចូលរួមដោះស្រាយស្ថានការណ៍ពេលនេះ។

ភ្ញៀវមួយចំនួនស្ថិតនៅសណ្ឋាគារមួយនៅទីក្រុងភ្នំពេញ បានបញ្ចប់ការពិនិត្យរកមើលវីរុស COVID-19។ លទ្ធផលធ្វើតេស្តបានបញ្ចប់ដោយភ្ញៀវមួយក្រុមដំបូង មានគ្នា៤០៦នាក់ គឺគ្មាននរណាមានផ្ទុកវីរុសនោះឡើយ (អវិជ្ជមាន)។ ភ្ញៀវទាំងឡាយដែលបានបញ្ចប់ការពិនិត្យរួចរាល់ នោះគឺអាចធ្វើដំណើរត្រឡប់ទៅប្រទេសពួកគេវិញបាន ហើយការរៀបចំនានាក៏កំពុងត្រូវបានធ្វើឡើងសម្រាប់ពួកគេផងដែរ។

ភ្ញៀវដែលស្ថិតនៅទីតាំងទាំងពីរ កំពុងស្ថិតនៅក្នុងការយកចិត្តទុកដាក់យ៉ាងល្អប្រសើរ ក្នុងនោះក៏រួមមានទាំងជំនួយការទូទៅ និងផ្នែកវេជ្ជសាស្ត្រទៅតាមតម្រូវការ។ ក្រុមពេញលេញមួយ គឺស្ថិតនៅហ្នឹងកន្លែងទាំងនៅខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ ក្នុងនោះក៏រួមមានទាំងអគ្គនាយកក្រុមហ៊ុន Holland America Line លោក Orlando Ashford ផងដែរ។ យើងកំពុងទាក់ទងដើម្បីទទួលបានការជូនដំណឹងថ្មីៗជាទៀងទាត់ នៅពេលព័ត៌មានថ្មីណាមួយត្រូវបញ្ចេញ។ ខ្សែទូរស័ព្ទ Hotline ក៏ត្រូវបានបង្កើតឡើង សម្រាប់ក្រុមគ្រួសារនានាផងដែរ។

យោងតាមឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Wan Azizah Wan Ismail បានឲ្យដឹងថា ភ្ញៀវទេសចរជាស្ត្រីអាមេរិកម្នាក់ បន្តសម្រាកនៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងលទ្ធផលវិជ្ជមានតេស្តវិជ្ជមានសម្រាប់វីរុស COVID-19។ បច្ចុប្បន្នស្ត្រីរូបនោះស្ថិតក្នុងស្ថានភាពសុខភាពហ្នឹងនរ មិនមានអ្វីប្លែកទេ។ ដោយឡែកស្វាមីរបស់លោកស្រី មិនត្រូវបានក្រុមជំនាញរកឃើញថា មានផ្ទុកវីរុស COVID-19 នោះទេ។

វេជ្ជបណ្ឌិត Grant Tarling នាយកការិយាល័យវេជ្ជសាស្ត្ររបស់ក្រុមហ៊ុន Holland America Line បាននិយាយថា «យើងកំពុងតែធ្វើការងារសម្របសម្រួល យ៉ាងជិតស្និទ្ធ ជាមួយនឹងអ្នកជំនាញសុខាភិបាលឈានមុនមួយចំនួននៅជុំវិញពិភពលោក។ ក្រុមជំនាញទាំងនេះ កំពុងតែធ្វើការងារជាមួយអាជ្ញាធរសុខាភិបាលជាតិ ដើម្បីធ្វើការអង្កេត និងតាមដានទៅលើបុគ្គលនីមួយៗ ដែលធ្លាប់ទាក់ទងជាមួយភ្ញៀវខាងលើ»។

ក្រុមហ៊ុន Holland America Line កំពុងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងអនុលោមតាមមន្រ្តីសុខាភិបាលនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាអ្នកជំនាញនានា នៅមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) សហរដ្ឋអាមេរិក ព្រមទាំងអង្គការសុខភាពពិភពលោក (WHO)។ តុល្យការបច្ចុប្បន្ននេះ គ្មានភ្ញៀវ ឬក៏បុគ្គលិកណាម្នាក់នៅលើនាវា ឬសណ្ឋាគារត្រូវបានគេរបាយការណ៍ថា មានអការៈរោគដែលបង្ហាញពីការឆ្លងវីរុសនោះឡើយ។ ភ្ញៀវទាំងឡាយដែលបានត្រឡប់ ទៅកាន់ប្រទេសពួកគេវិញទៅហើយនោះ នឹងត្រូវធ្វើការទាក់ទងជាមួយស្ថាប័នសុខាភិបាលរបស់ពួកគេ និងស្វែងរកព័ត៌មានបន្ថែមនៅទីនោះ។

នៅមុនការមកដល់ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា ក្រុមហ៊ុន Holland America Line បានអនុវត្តការប្រុងប្រយ័ត្នយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុខុមាលភាព និងសុវត្ថិភាពដល់ភ្ញៀវ និងនាវិករបស់យើង។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្រុមអ្នកដំណើរ និងនាវិកទាំងអស់ ២,២៥៧នាក់ បានទទួលការពិនិត្យសុខភាព ជាពិសេសគឺការពិនិត្យសីតុណ្ហភាពរាងកាយមនុស្សម្នាក់ៗតែម្តង។ គ្មាននរណាម្នាក់នៅពេលនោះ ត្រូវបានគេធ្វើតេស្តរកឃើញថា មានកម្តៅរាងកាយកើនឡើង នោះឡើយ។ ភ្ញៀវដែលត្រូវបាអនុញ្ញាតចុះចេញនៅកម្ពុជា បានទទួលការពិនិត្យសុខភាព និងត្រួតពិនិត្យសីតុណ្ហភាពរាង្គកាយបន្ថែម។ លើសពីនេះទៀត លិខិតឆ្លងដែនរបស់មនុស្សគ្រប់រូបត្រូវបានពិនិត្យឡើងវិញ ដើម្បីធានាថា គ្មាននរណាម្នាក់ធ្លាប់បានធ្វើដំណើរឆ្លងកាត់ចិនដីគោក ក្នុងរយៈពេល ១៤ថ្ងៃមុនពេលឡើងមកលើនាវានោះទេ។

ក្នុងអំឡុងពេលនៃការធ្វើដំណើរលើនាវា មិនមានការបញ្ជាក់ណាមួយអំពីការកើតមានអ្នកឆ្លងវីរុស COVID-19 នោះទេ។ ភ្ញៀវដែលបានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 នោះ មិនបានទៅពិនិត្យសុខភាព នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅលើនាវា ដើម្បីរាយការណ៍អំពីរោគសញ្ញាណាមួយនៃជំងឺនោះទេ។ ភ្ញៀវបន្ថែមចំនួន ២០នាក់ បន្ថែមទៀតដែលបានរាយការណ៍ទៅមណ្ឌលសុខភាព ក្នុងអំឡុងពេលពួកគេជិះលើនាវា ក្រុមជំនាញសុខាភិបាលមិនបានរកឃើញវីរុស COVID-19 នៅក្នុងខ្លួនពួកគេឡើយ (អវិជ្ជមាន)។ ក្រុមហ៊ុន Holland America Line នឹងធ្វើការជូនដំណឹងថ្មីៗបន្ថែមទៀត នៅពេលដែលយើងមានព័ត៌មានបន្ថែម៕