(ស្ទឹងត្រែង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី១ នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី១ និងបណ្តាអង្គភាពចំណុះ ដែលបានយកចិត្តទុកដាក់អនុវត្ត និងសម្រេចបាននូវភារកិច្ចទាំងឡាយដែលរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រគល់ជូន ក្នុងឆ្នាំឆ្នាំ២០១៩ កន្លងទៅនេះ ក៏ដូចជាកាត្រៀមលក្ខណៈសម្រាប់ឆ្នាំ២០២០ និងបណ្តាឆ្នាំទៅមុខទៀត ក្នុងនោះសំខាន់ គឺការចូលរួមថែរក្សាសន្តិភាព សន្តិសុខជូនជាតិ និងប្រជាជន។

លោកថា «សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពម្ចាស់ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី១ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងឥរិយាបទទាំងនេះ ហើយក៏អាចធ្វើការដកពិសោធន៍, ពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារដែលសម្រេចបានមុនៗ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត»

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោក សូមគាំទ្រ និងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែ ល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕