(កំពង់ធំ)៖ ក្រោយឃើញការផ្សព្វផ្សាយពីស្ថានភាពជីវិតទីទ័លលំបាក និងខ្វះទីជម្រករបស់អតីតយុទ្ធជនមួយគ្រួសារក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងឱ្យសាងសង់ផ្ទះមួយខ្នងជូនអតីតយុទ្ធជនរូបនេះ។

អតីតយុទ្ធជន ដែលកំពុងជួបការលំបាក ហើយទទួលក្តីសណ្តោសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយផ្តល់ផ្ទះមួយខ្នងធ្វើជាទីជម្រកនេះ មានឈ្មោះ ឈួន វេត ជាជនពិការជើង មានកូន៤នាក់ និងចៅ ៨នាក់ ស្ថិតនៅក្នុងបន្ទុក។ បច្ចុប្បន្នលោក ឈួន វេត កំពុងសាងសង់ផ្ទះសម្រាប់រស់នៅក្នុងទំហំប្រមាណ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ។ តែដោយសារការខ្វះខាតក្នុងជីវភាពធ្វើឱ្យដំណើរការសាងសង់នេះ ត្រូវជាប់គាំង។

បន្ទាប់ពីបានពិនិត្យឃើញស្ថានភាពលំបាកនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចឱ្យលោកទេសរដ្ឋមន្ត្រី គន់ គីម សាងសង់ផ្ទះនេះជូនលោក ឈួន វេត រហូតរួចរាល់ ហើយពង្រីកពីទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ទៅទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រថែមទៀតផង។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក្រៅពីចុះទៅចាត់ចែងការងារសាងសង់ផ្ទះជូនអតីតយុទ្ធជននេះរួចហើយ ក៏បានផ្តល់ថវិកា៤លានបន្ថែមទៀត ជូនអតីតយុទ្ធជនរូបនេះយកទៅសងថ្លៃចាក់ដី និងព្យាបាលជំងឺរបស់កូន។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងដោះស្រាយរាល់ការលំបាកទាំងឡាយ។

ក្រោយទទួលបានក្តីសណ្តោសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក ឈួន វេត និងគ្រួសារ បានត្រេកអរជាពន់ពេកមិនអាចរកអ្វីមកផ្ទឹមបាននោះឡើយ។ លោក ឈួន វេត បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាព្រះរស់របស់លោក ដែលបានចូលមកជួយផ្តល់ដោះស្រាយការលំបាក និងផ្តល់ទីជម្រកសម្រាប់លោក និងគ្រួសារ។

បុរសអតីតយុទ្ធជនពិការជើងរូបនេះ បានថ្លែងថា រូបលោក និងគ្រួសារ នឹងចង់ចាំពេញមួយជីវិតចំពោះកាយវិការ និងទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ និងមេត្តាធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាមួយក្តីរីករាយដែលគ្មានអ្វីប្រៀបផ្ទឹមបាននេះ លោក ឈួន វេត បានលើកដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធតាមអភិបាលប្រោសព្រំបីបាច់ថែរក្សាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ មានសុខភាពល្អប្រសើរ ដើម្បីដឹកនាំអភិវឌ្ឍន៍ជាតិកម្ពុជាកាន់តែរីកចម្រើន និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរ។

សូមបញ្ជាក់ថា ពីឆ្នាំ២០១៦ដល់បច្ចុប្បន្ននេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់ផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជននៅក្នុងខេត្ត ចំនួន ១៧១ខ្នងផ្ទះ៕