(សៀមរាប)៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា ដាក់ពង្រាយបង្គោល អង់តែនច្នៃពីកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប បានដោយជោគជ័យ ដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយនិរន្តរភាព។

លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានឱ្យដឹងថា «ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការបណ្តាញទំនាក់ទំនងគ្របដណ្តប់កាន់តែទូលំទូលាយ និងអាចទុកចិត្តបាន។ ការច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធ កាបូនថ្មីនេះ វាពិតជាសមស្របខ្លាំងណាស់ទៅនឹងបរិបទនៃតម្រូវការជាក់ស្តែងមួយនេះ។

បង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើគុណប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ៖ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឲ្យបានកាន់តែទូលំទូលាយ និងប្រសើរជាងមុន និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ អ៊ីដតខូ ចំពោះនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។

លោកបានបន្តថា រចនាសម្ព័ន្ធថ្មីនេះមានទម្ងន់ស្រាល ហើយត្រូវបានដំឡើងនៅលើដំបូលអាគារដែលមានកម្ពស់ប្រហែល១៥ ម៉ែត្រ។ រចនាសម្ព័ន្ធទាំងនេះ អាចដាក់ដំឡើងនៅលើដំបូលដោយមិនចាំបាច់បំពាក់ និងចងភ្ជាប់ទៅនឹងអាគារ ហើយមិនមានផលប៉ះពាល់ដល់អាគារដូចការដែល យើងប្រើប្រាស់នូវរចនាសម្ព័ន្ធ ធ្វើពីដែកនោះទេ។ វាអាចដំឡើងបានក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយវាសមស្របទៅនឹងតម្រូវការនៃផែនការរៀបចំទីក្រុងទៀតផង។

កាលពីឆ្នាំមុនក្រុមហ៊ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយការបំភាយកាបូនបានរហូតដល់ទៅ៥៤% ដែលសម្រេចបាននូវលទ្ធផលមួយឆ្នាំមុនគោលដៅរបស់ក្រុមហ៊ុន ហើយលើសផែនការដែលបានកម្រិតទុក១៤% ។ ខណៈដែលប្រទេសនានានៅក្នុងពិភពលោក ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅឌីជីថលរបស់ពួកគេ ហើយភាពចាំបាច់សម្រាប់ការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរមានការកើនឡើងគួរឲ្យកត់សម្គាល់នោះ តម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដែលមានភាពបត់បែន និងផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថានក៏កំពុងតែមានការកើនឡើងផងដែរ។

លោកបានបញ្ជាក់ទៀតថា សម្រាប់ក្រុមហ៊ុន អ៊ីដតខូ និរន្តរភាព គឺជាគោលការណ៍គ្រឹះតែមួយគត់ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនមួយនេះ កាន់តែទទួលបានជោគជ័យ ស្របពេលដែលក្រុមហ៊ុនបាននឹងកំពុងបំពេញបាននូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលកំពុងតែមានកើនឡើងជាលំដាប់នេះ។ ជាមួយនឹងការយកចិត្តទុកដាក់ឥតឈប់ឈរលើវិស្វកម្មបៃតង ពោលគឺនិរន្តរភាពនៃបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូគ្រុប បានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយ ភាពច្នៃប្រឌិតជាច្រើន និងបានប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងទូលំទូលាយផងដែរ។

រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ពង្រាយរចនាសម្ព័ន្ធសរុបចំនួន៣៥ ដែលត្រូវបានសាងសង់ពីសម្ភារថ្មីជំនួសប្រកបដោយភាពច្នៃប្រឌិត និងបំពាក់នៅតាម ទីតាំងសរុបចំនួន ១,៣៩៤ទីតាំង ជាមួយនឹងថាមពលកកើតឡើងវិញ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ បច្ចុប្បន្នក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីក ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះគ្រប់គ្រងនិងប្រតិបត្តិការដោយផ្ទាល់លើបង្គោលអង់តែនចំនួន ៣,៦០០បង្គោល នៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) មានផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់ លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទរួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយ របស់ក្រុមហ៊ុនទូរស័ព្ទ៕