(កំពង់ចាម)៖ សកម្មភាពមនុស្សធម៌មួយបានធ្វើឡើងនៅក្នុងឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលរៀបចំឡើងដោយកញ្ញា អន ម៉ូនីតា ដោយមានការចូលរួមសហការ ជាមួយអង្ការសន្តិភាពកម្ពុជា និងការបង្រួបបង្រួមនៅកម្ពុជា (FFWPU -CAMBODIA) សហការជាមួយអង្គការ YSP និងអង្កការជប៉ុន ហើយក៏មានការឧបត្ថម្ភពីលោក សាន ភារិន ប្រធានក្រុមហ៊ុន Zheng Kai De Real Estate ដែលជាអ្នកឧបត្ថម្ភយ៉ាងធំនៅក្នុងកម្មវិធីនេះ។

ទន្ទឹមនឹងនេះក៏មានភ្ញៀវកិត្តិយសជាច្រើន ពោរពេញដោយទឹកចិត្តសប្បុរសធម៌ ជាពិសេសលោក ចិន តៃអាន ប្រធានក្រុមហ៊ុន Yunnan Shengmao Investment Cambodia ដែលបានធ្វើឲ្យកម្មវិធីនេះកាន់តែអធិកអធមក្រៃលែង។ កម្មវិធីមនុស្សធម៌នេះ បង្កើតឡើងក្នុងគោលបំណងជួយ ក្នុងការសាងសង់សាលារៀនដល់កុមារ ឲ្យបានសិក្សារៀនសូត្រដើម្បីមានចំណេះដឹង មានអនាគតភ្លឺស្វាង។

ក្នុងនោះដែរ អង្គការជប៉ុនជាអ្នកទទួលសាងសង់ក្នុងគំរោងនេះ ដែលទឹកប្រាក់សរុបទាំងអស់ចំនួន ២៥លានរៀល ហើយខាងកម្ពុជាត្រូវចូលជាបដិភាគ ១០លានរៀល ក្នុងការសាងសង់នេះ។ សាលានឹងចាប់ផ្តើមសាងសង់ឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ខាងមុខ៕