(ព្រះវិហារ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចាត់ឱ្យលោកវេជ្ជ. អ៊ុយ សំអាត នាយក នៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់កាកបាទក្រហមកម្ពុជា នាំយកថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ-បរិភោគ ជូនដល់ក្រុមគ្រួសារសព លោកព្រិន្ទបាលឯក ជិន ហាត់ មេក្រុមទី៣ នៃកងអនុសេនាធំលេខ៣ ក្នុងវរសេនាតូចលេខ ៣៨៥ ចំណុះឲ្យកងពលតូចលេខ៨ មានទីតាំងនៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្លាប់ដោយសារជាន់មីន ក្នុងពេលបំពេញបេសកកម្ម ដើរត្បាតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត កាលពីថ្ងៃទី១៤កុម្ភៈកន្លងទៅនេះ ។

ចំពោះមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវសេចក្តីស្លុតរន្ធត់ ចំពោះឧបទ្ទវហេតុ ដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមសារនៃសព ដែលបាត់បង់ឧត្តមស្វាមី បិតា ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ ស្មោះត្រង់ បានលះបង់ពេលវេលា កម្លាំងកាយចិត ស្ម័គ្រចិត្តបម្រើកងទ័ព លះបង់សេចក្តីសុខផ្ទាល់ខ្លួន ពុះពារគ្រប់ឧបសគ្គតាមដងផ្លូវដ៏សែនលំបាក ដើរឆ្លងកាត់ចម្ការមីន ដើម្បីបុព្វហេតុការពារប្រទេសជាតិ និងប្រជាជនកម្ពុជា។

ជាមួយកគ្នានេះ កាកបាទក្រហមកម្ពុជា ក៏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកព្រិន្ទបាលឯក ជិន ហាត់ បានទៅចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ថ្នាក់ដឹកនាំខេត្ត-មន្ត្រីសាខា-អនុសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ក៏បានចូលរួមរំលែកទុក្ខ និងនាំយកថវិកាចំនួន២លានរៀល ជូនដល់ក្រុមគ្រួសារសព ដើម្បីជួយសម្រាលទុកលំបាក និងធ្វើបុណ្យទៅតាមប្រពៃណីផងដែរ៕