(ភ្នំពេញ)៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ក្រសួងនឹងសម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកែប្រែអនុក្រឹត្យមួយចំនួន ដើម្បីអាចអនុវត្តន៍វិធានការទប់ស្កាត់ ទៅលើយានយន្តដឹកជញ្ជូន លើកទម្ងន់កម្រិតកំណត់ ដែលបើកបរតាមផ្លូវនៅជនបទ។

លោក ចាន់ ដារ៉ុង បានថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាពក្រសួងអភិវឌ្ឍន៍ជនបទ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

មន្ត្រីជាន់ខ្ពស់រូបនេះបានឲ្យដឹងថា ក្រសួងរៀបចំធ្វើវិសោធនកម្ម អនុក្រឹត្យលេខ៥១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងអនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើកទម្ងន់កម្រិតកំណត់។ សព្វថ្ងៃនេះ ក្នុងអនុក្រឹត្យនេះ អត់មានសមត្ថកិច្ច របស់ក្រសួងអភិវឌ្ឍន៍ជនបទចូលរួម ក្នុងការអនុវត្តវិធានការទប់ស្កាត់ រថយន្តដែលដឹកជញ្ជូនរថយន្ត ដែលដឹកលើសកម្រិតទម្ងន់កំណត់ នៅតាមផ្លូវជនបទទេ។

លោកបន្តថា សព្វថ្ងៃនេះយើងពិនិត្យឃើញថា នៅតាមផ្លូវជាតិ ផ្លូវខេត្តមួយចំនួន មានដាក់ជញ្ជីងថ្លឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសកម្រិតកំណត់។ គេសង្កេតឃើញថា អ្នករកស៉ីលើការដឹកជញ្ជូន គាត់ដឹកសំពីងសំពោងចូលផ្លូវជនបទ ហើយធ្វើឲ្យផ្លូវជនបទមានការខូចខាត។

លោក ចាន់ ដារ៉ុង គូសបញ្ជាក់ថា «យើងគិតថា យើងគួរតែមានសិទ្ធិ ឬក៏សមត្ថកិច្ចចូលរួមក្នុងការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នេះ ដើម្បីការពារផ្លូវជនបទរបស់យើង។ អីចឹងហើយបានជាយើង មានទិសដៅថា នឹងសម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យនិងធ្វើបច្ចុប្បន្នភាព អនុក្រឹត្យនេះ កែសម្រួលយ៉ាងម៉េច ដើម្បីឲ្យក្រសួងអភិវឌ្ឍន៍ជនបទ មានសមត្ថកិច្ចចូលរួមចំណែក»