(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសម្តែងនូវការខកចិត្ត ចំពោះគណៈកម្មការអឺរ៉ុប បន្ទាប់ពីសម្រេចព្យួរដោយផ្នែកនៃកម្មវិធី «អនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែសព្វាវុធ ឬ EBA» ពីប្រទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា កម្មវិធី EBA អនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុប នាំចូលផលិតផលពីកម្ពុជា (លើកលែងតែគ្រឿងសព្វាវុធ) ដោយមិនយកពន្ធ និងគ្មានកូតា។ អ្នកទទួលបានអត្ថប្រយោជន៍សំខាន់ៗ ពីកម្មវិធីនេះ គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជា ដែលជាតំណាងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។ ឧស្សាហកម្មទាំងនេះមានប្រមាណ៧៥ភាគរយ នៃការនាំចូលទំនិញសរុបរបស់កម្ពុជា និងប្រមាណ៩០ភាគរយ នៃការនាំចេញទៅសហភាពអឺរ៉ុបដែលជាទីផ្សារធំបំផុត សម្រាប់ទំនិញដែលបានផលិត ដោយបណ្តារោងចក្រ។

GMAC បានឱ្យដឹងថា ការផ្តល់ការងារនៅក្នុងវិស័យទាំងនេះ ដែលគាំទ្រដោយកម្មវិធីអនុគ្រោះពន្ធ EBA ឥឡូវនេះមានចំនួនលើស៧៥០,០០០នាក់ និងបានរួមចំណែកដល់ការទាញប្រជាជនកម្ពុជា រាប់លាននាក់ចេញពីភាពក្រីក្រ។ កម្មករភាគច្រើនបំផុតជាស្ត្រី ដែលគ្រប់គ្រងគ្រួសារ មើលថែសុខភាព និងសុខុមាលភាពរបស់កូនៗ និងផ្តល់ប្រាក់ចំណូល ដោយផ្ទាល់ដល់គ្រួសារជាង២០ភាគរយ នៃគ្រួសារក្នុងប្រទេសកម្ពុជា។

GMAC សង្កត់ធ្ងន់ថា «សូមជំរុញគណៈកម្មការអឺរ៉ុប និងសមាជិកសភាអឺរ៉ុប ពិចារណាឡើងវិញ ចំពោះសេចក្តីសម្រេចនេះ ដោយពិចារណាទៅលើគុណតម្លៃនៃកម្មវិធីនេះ ដែលត្រូវបានដាក់អនុវត្តជិត២០ឆ្នាំកន្លងទៅជំនួសការអភិវឌ្ឍន៍ កាត់បន្ថយភាពក្រីក្រ និងសេចក្តីថ្លៃថ្នូរនៃការងារ។ កម្មវិធី EBA គឺជាជោគជ័យច្បាស់មួយ នៅក្នុងប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវគោលដៅទាំងនេះ ការដកដោយផ្នែកនៃកម្មវិធីនេះ នឹងបានត្រឹមតែធ្វើឱ្យបាត់បង់ការងារ និងនាំឱ្យមានភាពក្រីក្រ»

GMAC បានបញ្ជាក់ថា «សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប នឹងទំនងជាធ្វើឱ្យមានការភ័ន្តច្រឡំពាក់ព័ន្ធ នឹងស្ថានភាពពាណិជ្ជកម្ម ដែលកំពុងឆ្ពោះទៅមុខ ហើយនឹងលើកទឹកចិត្ត ឱ្យអ្នកបញ្ជាទិញទៅទិញពីបណ្តាប្រទេសដទៃៗ ដែលមានការគោរពសិទ្ធិ សហជីពអន់ឆ្ងាយពីកម្ពុជា ហើយទំនងជាបណ្តាលឱ្យមានការបាត់បង់ ការងារដល់កម្មកររាប់ម៉ឺននាក់ ហើយដែលភាគច្រើនបំផុតនៃពួកគេ គឺជាសមាជិកសហជីព ហើយធ្វើឱ្យមានភាពក្រីក្រកាន់តែខ្លាំងឡើង នៅក្នុងប្រទេស ហើយធ្វើឱ្យវាកាន់តែលំបាក ក្នុងការដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករ ដោយសារផលប៉ះពាល់អវិជ្ជមាន នៃការប្រកួតប្រជែងមកលើវិស័យកាត់ដេរ ដោយសារពន្ធដែលដាក់ដោយសហភាពអឺរ៉ុប»

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណ១៤០លានដុល្លារអាមេរិក លើកផលិតផល៤០មុខរបស់កម្ពុជា។

ជុំវិញការសម្រេចនេះ រាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា៕