(ភ្នំពេញ)៖ ខណៈមានការរិះគន់ ចំពោះការសម្រេចដកផ្នែកខ្លះនៃ EBA ដែលសហភាពអឺរ៉ុប ទើបតែធ្វើដាក់កម្ពុជា នាពេលថ្មីៗមកនោះ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ទោះបីមាន ឬគ្មាន EBA ពីសហភាពអឺរ៉ុប ក៏កម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ និងសិទ្ធិសេរីភាព របស់កម្មករនិយោជិត ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាជានិច្ច។

ការថ្លែងបែបនេះរបស់លោក ហេង សួរ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផែនការរួម របស់គម្រោងរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) ដែលបានរៀបចំឡើងនៅ សណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេស ដែលអាក្រក់ដូចដែលគេបានចោទនោះទេ កម្ពុជាតែងតែប្រៀបធៀបខ្លួនឯង ជាមួយប្រទេសដទៃផ្សេងទៀត ហើយមានអង្គការអន្តរជាតិខាងការងារ (ILO) គម្រោង BFC និងម្ចាស់ពាណិជ្ជសញ្ញា (Brand) ទាំងអស់ជាសាក្សីថា កម្ពុជាអនុវត្តបានល្អយ៉ាងណាខ្លះ ក្នុងរយៈពេល២០ឆ្នាំមកនេះ ពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈ។

បើតាមលោក ហេង សួរ នៅពេលអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃ EBA វាមិនមែនដោយសារកម្ពុជា មិនបានផ្ដល់លក្ខខណ្ឌដល់ការងារកម្មករនិយោជិត រឺសិទ្ធសេរីភាពទៅឱ្យអង្គការវិជ្ជាជីវៈនោះទេ ប៉ុន្តែវាដោយសារបញ្ហានយោបាយ ដែលប្រទេសមួយចំនួន តម្រូវឱ្យកម្ពុជាធ្វើតាមគោលនយោបាយ ការបរទេសរបស់ពួកគេ។ តែទោះជាយ៉ាងណា ពួកគេមិនគួរភ្ជាប់លក្ខខណ្ឌការងារ ទៅនឹងនយោបាយនោះឡើយ។

អ្នកនាំពាក្យរូបនេះបានបន្តថា «ជនជាតិកម្ពុជាទាមទារយុត្តិធម៌ កម្ពុជាមិនចង់បានលើសគេទេ ប៉ុន្តែសុំឱ្យមានសមភាពក្នុងការសម្រេចចិត្ត ហើយសូមឱ្យមានសុភវិនិច្ឆ័យនូវអ្វី ដែលជាការខិតខំរបស់កម្ពុជា»

លោកបានអះអាងថា កម្ពុជាបានត្រៀមនូវអ្វី ដែលជាកញ្ចប់ឆ្លើយតបទៅនឹងផលប៉ះពាល់ណាមួយ ដែលប៉ះពាល់ទៅលើវិស័យពាណិជ្ជកម្មកម្ពុជា ដោយសារតែការសម្រេចចិត្តដោយអយុត្តិធម៌។ ទោះបីជាមាន ឬគ្មានEBA រាជរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តរួចហើយថា ការលើកកម្ពស់លក្ខខណ្ឌការងារ ការគោរពនូវសេរីភាពរបស់កម្មករនិយោជិត វាគឺជាអាទិភាព ដូច្នេះបានជាកម្ពុជាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ។

រយៈពេល២០ឆ្នាំមកនេះ កម្ពុជាមិនបានងាកចេញពីគោលនយោបាយនេះទេ សូម្បីតែផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ ២០១៩-២០២៣ ក៏កម្ពុជានៅតែបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់នៃការធានាលក្ខខណ្ឌការងារ សេរីភាពអង្គការវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធានាថាផលិតផលដែលផលិតបាននៅកម្ពុជា គឺជាផលិតផលដែលមានភាពស្អាតស្អំ និងគោរពតាមស្ដង់ដាអន្តរជាតិ ហើយអនុសញ្ញាអន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន កម្ពុជានៅតែបន្តពិនិត្យ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ ILO បើទោះបីគេមិនជឿលើកម្ពុជា ក៏គេជឿលើអ្វីដែលជាយន្តការរបស់អង្គការ ILO ដែលកំពុងតែអនុវត្តនៅកម្ពុជានេះស្រាប់៕