(កណ្ដាល)៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនបានក្រោយរកឃើញកាំភ្លើងច្នៃមួយដើម ជាមួយនឹងថ្នាំញៀនចំនួន ១៤កញ្ចប់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំនេះ នៅស្នាក់ការបុណ្យភូមិចុងបង្គោលស្ថិតភូមិចុងបង្គោលឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យចំនួនឈ្មោះ យ៉ាន សុផារ៉ូហៅរ៉ូត អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិចុងបង្គោល ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថា សារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ ក្នុងនោះមធ្យម ៣កញ្ចប់ និងតូច១១កញ្ចប់។ កាំភ្លើងច្នៃចំនួន១, គ្រាប់កង់មួយចំនួន , ថង់វេចខ្ចប់ថ្នាំញៀន, ប្រដាប់ចូកថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។

នគរបាលបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាជួញដូរនៅរោងបុណ្យភូមិ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យម្នាក់ កំពុងឈនៅក្នុងរោងបុណ្យ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច ក៏បានឃាត់ឆែកត្រួតពិនិត្យឃើញមានថ្នាំញៀនកាន់ក្តាប់ដៃឆ្វេង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ យ៉ាន សុផារ៉ូ ហៅរ៉ូត បានឆ្លើយសារភាពថា ខ្លួនបានទៅទិញថ្នាំញៀនពីបុរសម្នាក់មិនស្គាល់ នៅម្តុំក្តាន់២ រាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត។

ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕