(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាប់ផ្តើមបើកសវនាការលើសំណុំរឿងផលិត ជួញដូរ និងរក្សារទុកដោយខុសច្បាប់នូវសារជាតិញៀន ប្រព្រឹត្តនៅក្លឹបកម្សាន្ត «ម៉ៃអាម៊ី» មានទីតាំងស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនត្រូវចោទដែលជាប់ពាក់ពន្ធ័ក្នុងសំណុំរឿងនេះមានឈ្មោះ ស្រេង វីរៈ ឈ្មោះ សារ៉ូ សាដែន ឈ្មោះ ដាំ សារ៉ាត់ ឈ្មោះ ងិន សំណាង និងឈ្មោះ ប៊ុន រត្ន័។

សវនាការនេះដឹកនាំដោយលោក លិ សុខា ជាប្រធានក្រុមប្រឹក្សារជំនឿជម្រះ និងលោក សឿ ឡងឌី ជាតំណាងអយ្យការ។ នៅពេលតុលាការចាប់ផ្តើមសាកសួរលើក្រុមជនត្រូវចោទ ក្នុងចំណោម ពួកគេនៅមិនទាន់មានការពឹងពាក់មេធាវីដើម្បីការពារសិទ្ធិស្របច្បាប់នៅឡើយ ទើបតុលាការសម្រេចលើកយកសំណុំរឿងនេះ ទៅបន្តជំនឿជម្រះនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ ខាងមុខជាបន្តទៀត។

តុលាការ បានបញ្ជាក់ប្រាប់ជនត្រូវចោទថា សវនាការលើកក្រោយប្រសិនបើនៅតែគ្មានមេធាវីទៀត នោះតុលាការនឹងចាត់តាំងរកមេធាវីឲ្យជនត្រូវចោទដោយផ្ទាល់ ប្រយោជន៍ដើម្បីការពារសិទ្ធិ ស្របច្បាប់ និងស្របតាមនីតិវិធីក្នុងការជំនុំជម្រះក្តីព្រហ្មទណ្ឌ។

សូមរំលឹកថា កាលពីសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩កន្លងទៅ លោក ថាន់ ឡេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីការបង្គាប់ឱ្យឃុំខ្លូនម្ចាស់ក្លឹប «ម៉ៃអាមី» ឈ្មោះ ស្រេង វរ: និងស្ត្រី២នាក់ ពន្ធនាគារ PJ រីឯអ្នកពាក់ព័ន្ធ ៤នាក់ផ្សេងទៀត បញ្ជូនទៅឃុំឃាំងនៅក្នុងពន្ធនាគារព្រៃស។

ឈ្មោះ ស្រេង វីរៈ ដែលជាម្ចាស់ក្លឹប និងមេការពីរនាក់ត្រូវបានលោក ថាន់ ឡេង សម្រេចឃុំខ្លួន បម្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ពីបទល្មើស «ផលិត ជួញដូរ រក្សាទុក ចាត់ចែងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាត់ញៀន» ចំណែកបក្ខពួក ៤នាក់ទៀត ត្រូវចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើជួញដូរ រក្សាទុក ចាត់ចែងប្រើប្រាស់ និងសម្រួលឱ្យប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់»។

លោក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ម្ចាស់ក្លឹប «ម៉ៃអាមី» និងបុគ្គលិកចំនួន ៦នាក់ទៀត ត្រូវបានចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ពាក់ព័ន្ធសកម្មភាពផ្តល់ទីតាំងសម្រាប់ប្រើប្រាស់ ចែកចាយ និងជួញដូរគ្រឿងញៀនដ៏ធំ។

បើតាមលោក ប៊ុន សត្យា ម្ចាស់ក្លឹប «ម៉ៃអាមី» មានឈ្មោះ ស្រេន វីរៈ និងបុគ្គលិកចំនួន៦នាក់ផ្សេងទៀតដូចជា មេកា និងសន្តិសុខជាដើម ដែលពាក់ព័ន្ធបទល្មើសនេះត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា គ្រឿងញៀនប្រមាណជាង១០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសបាន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទាំងយប់នៅក្លឹប «ម៉ៃអាមី»។ មន្រ្តីនគរបាលបានបញ្ជាក់ទៀតថា ក្រៅពីការរឹបអូសបានថ្នាំញៀន កម្លាំងនគរបាលក៏បានរឹបអូសបានឧបករណ៍ជក់ និងកែច្នៃយ៉ាងច្រើននៅក្នុងក្លឹបផងដែរ។

ក្រុមយុវជន និងជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពយ៉ាងព្រោងព្រាត។ ចំពោះម្ចាស់ក្លឹប «ម៉ៃអាមី»ម្នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធ្លាប់ជាប់ពន្ធនាគារចំនួន ៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនផងដែរ ហើយចេញពីពន្ធនាគារវិញ នៅឆ្នាំ២០១៥កន្លងទៅ។

ក្រោយពីធ្វើតេស្ដទឹកនោមទៅលើយុវជនជាង៥០នាក់ ដែលឃាត់ខ្លួននៅក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននៅក្លឹបកម្សាន្ដនាពេលរាត្រីមួយនេះ សមត្ថកិច្ចបានរកឃើញយុវជន មានផ្ទុកសារធាតុញៀននោះចំនួន៣២នាក់។

លោក ប៊ុន សត្យា បានបញ្ជាក់ថា សម្រាប់យុវជនទាំងអស់ដែលត្រូវចាប់ខ្លួនពេលចុះប្រតិបត្តិការបង្ក្រាបនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ សម្រាប់អ្នកដែលគ្មានគ្រឿងញៀន និងអ្នកដែលមានគ្រឿងញៀនត្រូវបញ្ជូនទៅកាន់មណ្ឌលសន្សាបគ្រឿងញៀន។

សូមជម្រាបថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ នៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ បានចុះប្រតិបត្តិការ បង្ក្រាបក្លឹបកម្សាន្តយីហោ «ម៉ៃអាមី» ដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ និងថ្នាំញៀនមួយចំនួនផងដែរ។

ក្លឹបកម្សាន្ត «ម៉ៃអាម៊ី» នេះស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌចំការមន ចុះបិទបីលើករួចមកហើយ តែបិទមិនបាន ទើបពេលនេះ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ចុះបិទដោយផ្ទាល់តែម្តង៕