(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសបដិសេធព័ត៌មានក្លែងក្លាយមួយនៅលើ Facebook ដែលបង្ហោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឆ្លងជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19) ហើយអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះការបំភ្លៃការពិតនេះ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ការបង្ហោះព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសដោយក្រសួងសុខាភិបាលម៉ាឡេស៊ីថា ខ្លួនបានរកឃើញនូវករណីជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី នៅលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam ចូលមកប្រទេសកម្ពុជា ហើយបានហោះហើរចូលទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលកម្ពុជា និងម្ចាស់ក្រុមហ៊ុននាវា Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យជាថ្មីម្តងទៀតចំពោះស្រ្តីជនជាតិអាមេរិកាំង ដែលខ្លួនបានអះអាងថា ស្រ្តីនោះពុំមានរោគសញ្ញាអ្វីទាំងអស់នៅពេលចាកចេញពីកម្ពុជា ព្រោះក្រុមគ្រូពេទ្យបានត្រួតពិនិត្យយ៉ាងច្បាស់លាស់លើករណីនេះ។