(ព្រះសីហនុ)៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានចូលរួមជាអធិបតី ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤២ អាណត្តិទី៥ ជូនសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីជ្រាប និងផ្សព្វផ្សាយបន្តដល់សមាជិកគណបក្សនៅតាមមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ បានគូសបញ្ជាក់អំពីការវិវឌ្ឍថ្មីៗ នៃសភាពការណ៍លើពិភពលោក និងក្នុងតំបន់ ក៏ដូចជាស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គមរបស់កម្ពុជា និងសមិទ្ធផលដែលគណបក្សសម្រេចបានជូនជាតិ និងប្រជាជនកម្ពុជាផងដែរ។

លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ប្រកាន់ជំហរច្បាស់លាស់ដាច់ខាត គឺប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារឯករាជ្យភាព អធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍដោយមិនចុះញ៉មចំពោះការគំរាមកំហែង ការដាក់សម្ពាធ និងទណ្ឌកម្ម ពីខាងក្រៅឡើយ។ លោកថា កម្ពុជាត្រៀមលក្ខណៈម្ចាស់ការក្នុងគ្រប់ទិដ្ឋភាពទាំងអស់ក្រោមស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីទប់ទល់ និងដោះស្រាយរាល់បញ្ហានានាដែលកើតឡើងជាយថាហេតុ។

ដោយថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតរហូតដល់ ៨៣,០២ភាគរយ ដែលក្នុងនោះជាង៧០ភាគរយដែលបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស លោក សាយ សំអាល់ បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា បានផ្សាភ្ជាប់ខ្លួនជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ ស្មោះស្ម័គ្របម្រើប្រជាជនអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីប្រកបដោយឆន្ទៈមោះមុត ក្នុងការអនុវត្តការកែទម្រង់ស៊ីជម្រៅ លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់ដើម្បីឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ»

ប្រធានក្រុមការងាររូបនេះ បានគូសបញ្ជាក់ថា «យើងខ្ញុំមកខេត្តព្រះសីហនុនេះ ដើម្បីជួយដោះស្រាយក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ឲ្យអស់លទ្ធភាពព្រោះយើងខ្ញុំជាអ្នកបម្រើ បងប្អូនប្រជាពលរដ្ឋ និងចូលរួមកសាងខេត្តព្រះសីហនុ ឲ្យទៅជាប៉ូលសេដ្ឋកិច្ចពិសេសគំរូពហុបំណងសម្រាប់កម្ពុជា»

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានអះអាងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាលើកកម្ពស់ភាពជាម្ចាស់លើជោគវាសនា របស់ប្រទេសជាតិ និងលើកតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ព្រមទាំងធានារក្សាឲ្យបានក្នុងគ្រប់កាលៈទេសៈនូវសុខសន្តិភាព ការអភិវឌ្ឍ និងជាពិសេសជំនឿទុកចិត្ត និងការគាំទ្រពីសំណាក់ ប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការដឹកនាំយូរអង្វែងទៅមុខរបស់គណបក្ស៕