(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ និងមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភនូវថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី។

ថវិកា១០ម៉ឺនដុល្លារដែលសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់មូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ គឺប្រាក់រង្វាន់ដែលសម្តេចតេជោ ទទួលបានរង្វាន់ «ភាពជាំអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្កការសហព័ន្ធសន្តិភាពសាកល (UPF) ក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានបញ្ជាក់ថា «ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្វិលថវិកាដែលបានមកពីពានរង្វាន់នេះ [រង្វាន់ «ភាពជាំអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»] ជូនមូលនិធិក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីប្រើប្រាស់ស្របទៅតាមកម្មវត្ថុរបស់ខ្លួន។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដោយមានកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីការតភ្ជាប់អរិយធម៌ បង្កើតសុខដុមរមនារវាងគ្នានៅក្នុងទ្វីបអាស៊ី និងប្រែក្លាយសម្បត្តិវប្បធម៌ របស់មនុស្សជាតិជាប្រភពនៃសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួម»

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបានសង្កត់ធ្ងន់ថា «សូមសម្តែងនូវសេចក្តីថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ និងមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលជាសក្ខីភាពនៃតំណរភាពយូរអង្វែង គាំទ្រដល់សកម្មភាពវប្បធម៌មនុស្សជាតិ និងបេតិកភណ្ឌរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី និងតែងតែផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីរួមគ្នាកសាងសង្គមវប្បធម៌មនុស្សជាតិមួយ ដោយឈរលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងវិបុលភាពរួម»៕