(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា រហូតមកដល់ម៉ោងជាង៥ល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋនៅជិតសាលាអង្គអេង តាមបណ្ដោយផ្លូវលេខ៣០០ ភូមិ៥ ក្រុម៥៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន២១គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៥គ្រឿង, នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ចំនួន០៤គ្រឿង និងរថយន្ដកោះពេជ្រ ចំនួន០២គ្រឿង។

យ៉ាងណាមិញសម្រាប់មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់សង្គមមួយនេះ មិនទាន់ត្រូវសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ខណៈទំហំនៃការខូចខាត គឺផ្ទះប្រជាពលរដ្ឋ ចំនួន០៧ល្វែង, ខូចខាតបន្ទប់ជួល១៥ស្មើនឹង២៥គ្រួសារ៕