(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០នេះ បានអញ្ជើញមកសម្ពោធឆ្លងកុដិ និងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តគិរីមានជ័យ ហៅវត្តពន្លាក ស្ថិតនៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ នេះមានការចូលរួមពីសំណាក់លោកប្រធាន អនុប្រធានក្រុមការ ងារចុះជួយឃុំ អភិបាលស្រុក ឃុំ ភូមិ សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋចំណុះជើងវត្តប្រមាណ ៥០០នាក់។

ឆ្លៀតយកឱកាសដែលបានមកជួបជុំបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តពន្លាក តាជី យាយជី នាពេលនេះ លោក វេង សាខុន បានសំណេះសំណាល ដោយបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រី និងសម្តេចវិបុលសេនាភក្តី ដែលសម្តេចតែងតែគិតគូពីសុខទុក្ខ ខ្វល់ខ្វាយចេញពីដូងចិត្ត ចំពោះបញ្ហាជីវភាពរបស់ពលរដ្ឋគ្រប់ពេលវេលា បើទោះបីសម្តេចមិនបានអញ្ជើញ មកជួបសំណេះសំណាលជាមួយដោយផ្ទាល់ ដោយសារជាប់រវល់កិច្ចការប្រទេសជាតិ ប៉ុន្តែទឹកចិត្តគោរព ស្រឡាញ់ គិតគូរ និងក្តីបារម្ភគ្រប់បែបយ៉ាងរបស់សម្តេច មកលើប្រជាពលរដ្ឋនៅទូទាំងប្រទេស និងជាពិសេសនៅស្រុកតំបែរ ឃុំចុងជាច គ្រប់ពេលវេលា។ លោកថ្លែងថា សម្តេចជូនពរប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទីជិតឆ្ងាយជួបតែពុទ្ធពរទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ខ្លឹមសាររួមនៃពិធីសំណេះសំណាល លោកបានជម្រាបជូនពលរដ្ឋ អំពីដំណើរការវិវឌ្ឍន៍រីក ចម្រើនរបស់ប្រទេសជាតិពីដំណាក់កាលមួយ មកដំណាក់កាលមួយ រហូតមកទល់បច្ចុប្បន្ន គឺចាប់ផ្តើមកសាងប្រទេសពីបាតដៃទទេ ហេដ្ឋរចនាសម្ព័ន្ធសំខាន់ៗត្រូវបានបំផ្លាញ អសន្តិសុខសង្គម ស្បៀង មកជាប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពកំណើនសេដ្ឋកិច្ច សន្តិសុខស្បៀង។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណា បន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិ ឆ្លើយតបតាមសេចក្តីត្រូវការ របស់ប្រជាជនដែលចេះតែកើនឡើងជាលំដាប់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះហើយ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុ កោណដំណាក់កាលទី៤ ក្នុងទិសដៅខិតខំជំរុញ និងពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យជាជំហានៗ សមស្របតាមពេលវេលា និងធនធានរបស់ជាតិយើង ដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងកម្រិតខ្ពស់នាឆ្នាំ២០៥០។

លោក វេង សាខុន បានថ្លែងអំណរគុណជាអនេក ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ទីជិតឆ្ងាយ ព្រះចៅអធិការ បងប្អូនពុទ្ធបរិស័ទ សមាជិកក្រុមការងារ អាជ្ញាធរមូល ដ្ឋាន ដែលបានរួមគ្នាជាកំលាំងកាយ ចិត្ត និងថវិកាផ្ទាល់កសាងកុដិ និងសមិទ្ធផលផ្សេងៗទៀត សរុបទឹកប្រាក់ជាង ៨ម៉ឺនដុល្លារ ដាក់សម្ពោធឱ្យប្រើប្រាស់បម្រើឱ្យ វិស័យព្រះពុទ្ធសាសនាតរៀងទៅ និងសូមទទួលយកកុសលផលបុណ្យតាមសទ្ធារៀងៗខ្លួន។

លោកបានសំណូមពរឱ្យសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន និងកងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសប្រជាពលរដ្ឋមេត្តាបន្តថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ បន្តចូលរួមគាំទ្ររាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍន៍ (អរគុណសន្តិភាព)។

ដោយរដូវប្រាំងបានចូលមកដល់ លោកបានផ្តាំផ្ញើប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹក ដោយប្រុងប្រយ័ត្នក្រែងខ្វះខាតទាំងមនុស្ស និងសត្វពាហន: និងជាពិសេសរដូវក្តៅតែងតែមានកើតជំងឺផ្សេងៗ ពិសេសក្មេងៗ និងមនុស្សចាស់។ ត្រង់ចំណុចនេះលោកសូមឱ្យពលរដ្ឋត្រូវបង្កើនស្មារតី យកចិត្តទុកដាក់អំពីសុខភាព ដោយត្រូវធ្វើអនាម័យខ្លូនប្រាណ និងលំនៅឋានជាប់ជាប្រចាំ អាហារ និងទឹកផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក វេង សាខុន បានប្រគល់ផ្ទះសប្បុរសធម៌ ០២ ខ្នងជូនពលរដ្ឋទីទាល់ក្រ និងសម្ពោធទំនប់ និងទ្វារទឹក នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមផងដែរ៕