(ភ្នំពេញ)៖ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ Covid-19 នៅលើសកលលោក រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា នូវសម្ភារបរិក្ខារពេទ្យដែលរួមមាន អាវបំពង់ អាកុលសម្អាតដៃ វ៉ែនតាការពារសុវត្ថិភាព និងស្រោមដៃជាដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ជប៉ុនបានផ្តល់អាវបំពង់ ៩,៣៦០សម្រាប់ អាកុលសម្អាតដៃ៤៨០ វ៉ែនតាការពារសុវត្ថិភាព៥៤០ និងស្រោមដៃ២៤,៤០០គូ ជាដើម។ សម្ភារទាំងនេះ គឺជាផ្នែកមួយនៃឧបករណ៍ការពារខ្លួនដែលមូលនិធិអាស៉ី-អឺរ៉ុប (ASEF) បានស្ដុកទុកក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ហើយនឹងត្រូវផ្ញើមកដល់កម្ពុជាពីឃ្លាំងនៅប្រទេសសឹង្ហបុរី ដោយមានការសម្របសម្រួលពីការិយាល័យអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច (WPRO)។

ស្ថានទូតជប៉ុនបានគូសបញ្ជាក់ថា «ការលើកស្ទួយកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺមិនអាចខ្វះបានដើម្បីការពារការរីករាលដាលថែមទៀត នៃការឆ្លងវីរ៉ុសកូរ៉ូណាប្រភេទថ្មី។ ជាមួយគ្នានេះ ប្រទេសជប៉ុនចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា»

សូមបញ្ជាក់ថា មូលនិធិអាស៉ី-អឺរ៉ុប (ASEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ នៅប្រទេសសឹង្ហបុរី ជាអង្គភាពអចិន្ត្រៃយ៍មួយនៃកិច្ចប្រជុំអាស៉ី-អឺរ៉ុប (ASEM) ដែលមានសកម្មភាពជាច្រើនផ្ដោតទៅលើវិស័យវប្បធម៌-សង្គម៕