(ឧត្តរមានជ័យ)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង បានសម្រេច។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិចារចាស់ ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកអន្លង់វែង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលស្រុកអន្លង់វែង បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលនៃអធិការស្រុកចុងកាល់ បានធ្វើការស្រាវជ្រាវ បង្រ្កាបបានមុខសញ្ញាជនសង្ស័យលួចរថយន្តម្នាក់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផ្លែង រ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខភ្នំពេញ 2AC.4702 ពីឈ្មោះ សួន ស៉ីផាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

បច្ចុប្បន្ន រថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យ ដែលមានអាយុទើបតែ១៤ឆ្នាំ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្តទៅចាត់ការតាមនីតិវិធី៕