(កំពង់ធំ)៖ ស្ដែងចេញពីការគិតគូរ លើបញ្ហរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដែលតែងតែកើតមានជាប្រចាំនោះ លោកជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងប្រធានក្រុមការងារចុះជួយ ស្រុកប្រាសាទបល្ល័ង្ក បានបន្តណែនាំដល់មន្ត្រីរាជការ ក៏ដូចជាក្រុមការងារមូលដ្ឋាន ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានពេញចិត្ត និងរហ័សទាន់ពេល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមើលឃើញពីការខិតខំ របស់រាជរដ្ឋាភិបាល។

លោក ជា អឿង បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤២ អាណត្តិទី៥ និងដាក់ផែនការបន្តដល់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើការផ្សព្វផ្សាយលិខិតបទដ្ឋាននានា របស់រាជរដ្ឋាភិបាលដល់ប្រជាលរដ្ឋ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នារសៀល ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២០។

លោក ជា អឿង បានណែនាំដល់មន្ត្រីថ្នាក់មូលដ្ឋានពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្ស ឲ្យតែមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា និងមានតម្លាភាព។ លើសពីនេះ ក្រុមការងារក៏ត្រូវចុះជួប ជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះផងដែរ។ លោកបន្តថា សមិទ្ធផលជាច្រើនសន្ធឹកសន្ធាប់ ជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យនៅគ្រប់ទីកន្លែង។

លោកបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចប្រជាពលរដ្ឋកម្ពុជាម្តងណាឡើយ ជាពិសេសគឺបានរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រួបរួមគ្នាខ្មែរក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញយ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាម តាមរយៈបដិវត្តពណ៌មាននៅកម្ពុជាជាដាច់ខាត៕