(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួននឹងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និងស្ថានទូតនៅក្នុងតំបន់ និងក្រុមការងារនាវា ដើម្បីធានាឱ្យមានការយកចិត្តទុកដាក់លើជនជាតិអាមេរិកាំង ពីមេរោគកូរ៉ូណាថ្មី។

ស្ថានទូតអាមេរិកបានអះអាងថា៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានទទួលរបាយការណ៍ថា អ្នកដំណើរម្នាក់ដែលបានចាកចេញពីនាវា WESTERDAM សំចតនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានរកឃើញមានផ្ទុកមេរោគ Covid-19 នៅក្នុងប្រទេសម៉ាឡេស៊ី។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និងស្ថានទូតនៅក្នុងតំបន់ និងក្រុមការងារនាវា ដើម្បីធានាថា ជនជាតិអាមេរិកាំងទទួលបានការយកចិត្តទុកលើករណីនេះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាតទេ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam បានចេញសេចក្តីប្រកាសផ្លូវការមួយផងដែរ ដោយស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕