(ភ្នំពេញ)៖ លោក ប្រ៊ុយណូ បូដាត (Bruno BODARD) ស្ថាបនិក និងជាអគ្គនាយកអង្គការអន្តរជាតិឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមានចិត្តដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា។

លោក ប្រ៊ុយណូ បូដាត បានលើកឡើងថា កាយវិការប្រកបដោយសប្បុរសរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឱ្យពិភពលោកទាំងមូលឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសមួយគោរពសិទ្ធិមនុស្ស គិតគូរអំពីសុខភាព និងជាតួអង្គដ៏សំខាន់ និងដ៏រឹងមាំក្នុងតំបន់ ក្នុងការធានាសន្តិភាព និងស្ថេរភាព។

ការស្ងើចសរសើររបស់អគ្គនាយកអង្គការអន្តរជាតិឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្នុងលិខិតនេះ លោក ប្រ៊ុយណូ បូដាត បានកត់សម្គាល់ថា ការរាតត្បាតនៃជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» «COVID-19» មិនត្រឹមតែជះឥទ្ធិពលដល់ប្រទេសចិនតែមួយប៉ុណ្ណោះទេ ប៉ុន្តែបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដោយសារតែការថយចុះយ៉ាងខ្លាំងនៃការធ្វើដំណើរ ដែលពិតជាជះឥទ្ធិពលជាដំបូងដល់វិស័យទេសចរណ៍។ លោកបន្តថា ប្រការនេះ បានធ្វើឱ្យរូបលោកមានក្តីកង្វល់អំពីការថយចុះនៃសកម្មភាពទេសចរណ៍នៅកម្ពុជា ជាពិសេសនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា និងខេត្តព្រះសីហនុផងដែរ។

ព្រោះតែការសង្ស័យរឿងជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «កូរ៉ូណា» បានធ្វើឱ្យប្រទេសជាច្រើនបដិសេធមិនឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក «Westerdam» ចូលចតនោះឡើយ។ នាវានេះត្រូវធ្វើដំណើរលើលំហរសមុទ្រអស់រយៈពេល១២ថ្ងៃ។ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យនាវានេះចូលចតនៅកម្ពុជា បន្ទាប់ពីមានសំណើរបស់ក្រុមហ៊ុន។

លោក ប្រ៊ុយណូ បូដាត បានរំភើប និងស្ងើចសរសើរចំពោះកាយវិការដ៏ក្លាហានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកបានបញ្ជាក់នៅក្នុងលិខិតយ៉ាងដូច្នេះ «នេះជាមូលហេតុដែលធ្វើឲ្យយើងខ្ញុំទាំងអស់ មានក្តីរំភើប និងស្ងើចសរសើរចំពោះសកម្មភាពដ៏ក្លាហាន និងវិជ្ជមានរបស់ សម្តេចនាយករដ្ឋមន្រ្តី ក្នុងការអនុញ្ញាតអោយនាវាទេសចរណ៍ Westerdam ចូលចតនៅខេត្តព្រះសីហនុ បន្ទាប់ពីបានជាប់គាំងនៅលើសមុទ្រអស់រយៈពេលជាយូរ»

លោកបន្ថែមថា «អង្គការអន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក សូមបង្ហាញនូវគុណូបការៈចំពោះកាយវិការដ៏ទន់ភ្លន់នេះ ជូនចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានមោទនភាពជាខ្លាំង»។ 

សូមបញ្ជាក់រំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយ ដោយអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ បន្ទាប់ពីប្រទេសជាច្រើនបដិសេធព្រោះតែខ្លាចអ្នកដំណើរ និងអ្នកបម្រើការងារលើនាវាជាងពីរពាន់នាក់មានផ្ទុកជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19»។

មិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតប៉ុណ្ណោះទេ នៅថ្ងៃទី១៤ ខែកុម្ភៈ «ថ្ងៃបុណ្យនៃក្តីស្រឡាញ់» ដែលជាវប្បធម៌របស់មនុស្សជាតិតំបន់អឺរ៉ុបនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញតាមឧទ្ធម្ភាគចក្រទៅកាន់នាវា ដើម្បីទទួលស្វាគមន៍ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ អមដោយផ្កាកូលាបថែមទៀតផង។

កាយវិការរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យរំជួលចិត្ត រំជួលបេះដូងអ្នកដំណើរលើនាវា រហូតអ្នកខ្លះស្រក់ទឹកភ្នែកថែមទៀតផង។ ពួកគេបានកោតសរសើរមិនដាច់ពីមាត់ចំពោះកាយវិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូល។ មិនត្រឹមតែលើនាវាប៉ុណ្ណោះទេ មនុស្សជាតិលើពិភពលោកជាច្រើនសុទ្ធតែបានទទួលបាននូវទង្វើប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនេះ ហើយបានស្ញប់ស្ញែង និងកោតសរសើរមិនដាច់នោះឡើយ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានអង្គការសុខភាពពិភពលោក លោក អាដាណម ហ្គែប្រេយេសឹស និង អគ្គលេខាធិការនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) លោក ហ៊្សូរ៉ាប់ ប៉ូឡូលីកាស់វីលី សុទ្ធតែបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងប្រកាសចងចាំចំពោះកាយវិការប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅមួយនេះ៕