(ភ្នំពេញ)៖ លោក W. Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា សម្រាប់ការអនុញ្ញាតឱ្យនាវា Westerdam បានចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ មិនមែនជារឿងនយោបាយនោះទេ ក៏ប៉ុន្តែវាជាកិច្ចការមនុស្សធម៌សុទ្ធសាធ របស់រាជរដ្ឋាភិបាលកម្ពុជា បើទោះបីប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នាមួយចំនួនចំពោះរឿងនយោបាយក៏ដោយ។

ទូតសហរដ្ឋអាមេរិករូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «រឿងនេះ ជារឿងមនុស្សធម៌មិនមែនជារឿងនយោបាយទេ ទាក់ទងរឿងនយោបាយ គឺថាយើងមានការខ្វែងគំនិតគ្នាខ្លះ អញ្ចឹងមែន ក៏ប៉ុន្តែយើងមានមូលដ្ឋានរឹងមាំក្នុងការ ធ្វើការជាមួយក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ ដែលមានរាប់ទសវត្សរ៍មកហើយ យើងនឹងខិតខំធ្វើរឿងនេះ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែល្អ ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជន»

ថ្លែងក្នុងសន្និសីទកាសែត នៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក W. Patrick Murphy តាងនាមឱ្យរដ្ឋាភិបាលអាមេរិក សូមសម្តែងនូវការដឹកគុណដល់រដ្ឋភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ចំណុចនេះជាកាយវិការមួយដ៏ល្អ ខណៈប្រទេសផ្សេងទៀតមិនអនុញ្ញាត លោកសង្ឃឹមថា បណ្តាប្រទេសដទៃទៀតនឹងធ្វើទង្វើដ៏ល្អនេះដូចកម្ពុជា។

យ៉ាងណាមិញសម្រាប់រឿងនយោបាយវិញ លោក W. Patrick Murphy បានបន្តថា សហរដ្ឋអាមេរិកមានមូលដ្ឋានរឹងមាំ ធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយនូវបញ្ហាទាំងអស់នោះ ដែលបានបន្សល់ទុករាប់ទសវត្សរ៍កន្លងមកនេះ ជាពិសេសនឹងធ្វើ ឱ្យមានទំនាក់ទំនងកាន់ឱ្យតែល្អ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងប្រជាជន និងប្រជាជនជាដើម។

សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះ ដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។

ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឺរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕