(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលចំណាយទឹកប្រាក់កសាងអស់ជាង ១៣ម៉ឺនដុល្លារ នៅក្នុងបរិវេណវត្តអំពិលទ្វា ក្នុងភូមិអំពិលទ្វា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ការអភិវឌ្ឍន៍លើវិស័យអាណាចក្រពោលគឺ នៅក្នុងប្រទេសកម្ពុជាយើង បានធ្វើការអភិវឌ្ឍមានផ្លូវថ្នល់ស្អាតស្ទើរតែគ្រប់ទីកន្លែង ដែលប្រការនេះ បានបង្កភាពងាយស្រួលដល់បងប្អូនពុទ្ធបរិស័ទទាំងឡាយ ប្រកបមុខរបរចិញ្ចឹមជីវិត និងមានជីវភាពធូរធា ហើយអាចមានលទ្ធភាព ឈានទៅធ្វើការអភិវឌ្ឍលើវិស័យពុទ្ធចក្រ ឱ្យមានការរីកចម្រើនទន្ទឹមគ្នាជាមួយនឹងវិស័យអាណាចក្រផងដែរ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា «ក្រោយពេលដែលបងប្អូន ប្រជាពលរដ្ឋយើងមានលំនឹង ទៅលើជីវភាពហើយនោះ ពួកគាត់មានលទ្ធភាព ចូលជាបច្ច័យដើម្បីកសាង ទៅលើវិស័យ ពុទ្ធចក្រតាមសទ្ធារបស់ខ្លួន តាមរយៈព្រះសង្ឃ នៅតាមទីអារាមនានា ដើម្បីកសាងជាសមិទ្ធផលផ្សេងៗ។ ជាក់ស្ដែង ដូចជាសមិទ្ធផលនានា ដែលបានកសាងចំណាយថវិកាអស់ប្រមាណជាង ១៣ ម៉ឺនដុល្លារ ដែលបាននិងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងទីអារាមអំពិលទ្វារនាពេលនេះផងដែរ»។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងដាក់ចេញនូវកម្មវិធីនយោបាយ ក្នុងគោលដៅលើក កម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍន៍ ពិសេសគឺផ្លូវថ្នល់ និងតាមរយៈការផ្ដល់សេវាសាធារណៈដែលធ្វើឲ្យប្រជាពលរដ្ឋ មានការងាយស្រួល ក្នុងការរកចំណូលមកផ្គត់ផ្គង់ជីវភាព ឲ្យបានធូរធា និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានលទ្ធភាពធ្វើបុណ្យដាក់ទាន ទៅតាមសទ្ធារៀងៗខ្លួន។

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនសុខបុរសជាជន ដែលមកពីទីជិតក្តីទីឆ្ងាយក្តី ដែលបានមូលមតិគ្នាចូលជាបច្ច័យ បានជាថវិកាយ៉ាងសន្ធឹក សន្ធាប់ ប្រុសគេនដល់ព្រះចៅអធិការវត្តអំពិលទ្វា ដើម្បីធ្វើការកសាងនូវសមិទ្ធផលទាំងឡាយ ដែលបានសម្ពោធឲ្យប្រើប្រាស់ក្នុងពេលនេះ៕