(ភ្នំពេញ)៖ មន្ដ្រីនគរបាលខណ្ឌឫស្សីកែវម្នាក់ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ចែកចាយជាបន្ដបន្ទាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយកោតសរសើរគ្រប់គ្នា ព្រោះតែមន្ដ្រីនគរបាលរូបនេះ បានចូលទៅជួយសង្គ្រោះជីវិតក្មេងស្រីម្នាក់ ដែលជាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យ។

យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលដែលគេចាយចែកពីទង្វើដ៏ល្អ នៅពេលបំពេញប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋនេះ មិនទាន់ត្រូវបានគេបង្ហាញឈ្មោះនោះទេ តែគេដឹងថា ជាមន្រ្តីនគរបាល ប៉ុស្តិ៍ម្នាក់នៅខណ្ឌឬស្សីកែវ។ ជាមួយគ្នានោះ ក្នុងរង្វង់ប្រតិបត្តិការសង្គ្រោះនេះ គេក៏ឃើញមានមន្ដ្រីនគរបាលជាច្រើនរូបផ្សេងទៀត បានយកអស់កម្លាំងកាយចិត្ត ដើម្បីជួយប្រជាពលរដ្ឋ ពីអំណាចអគ្គិភ័យនេះផងដែរ។

សូមជម្រាបថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង០១៖៥៥នាទីរំលងអធ្រាត្រ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៤ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យបំផ្លាញដំបូង ប្រភេទឈើប្រកស័ង្កសី ទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ និងបានឆេះរាលដាលដល់ផ្ទះចំនួន៤ ព្រមទាំងសាលារៀនចំនួន២បន្ទប់ផងដែរ ខណៈមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ យ៉ាងណាមិញ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង, រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន, រថយន្តជំនួយសាលាខណ្ឌឫស្សីកែវចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១ឡាន, រថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន០៥គ្រឿង មិនបានប្រើប្រាស់ទឹក និងរថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕