(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី រួមជាសមាជិកក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី១០ មានទាំងបច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកស្រី ឡាក់ ថុត (គ ថ្លង់) រស់នៅគ្មានទីពឹង មានអាយុ៦៥ឆ្នាំ នៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម។

ផ្ទះនេះ ត្រូវបានលោកប្រធានក្រុមការងារ និងលោកស្រី ម៉ក់ ស៊ីថា ព្រះគ្រូជុំវណ្ណឧត្តម ឡុង ឡេម ចៅអធិការវត្តកៀងជ្រៃក្រៅ, លោក លី ថៃហាក់ និងលោកស្រី ឃី លាងគីម លោកស្រីមេឃុំ និងក្រុមប្រឹក្សាឃុំ ស្រុក និងសប្បុរសជនជិតឆ្ងាយបានជួយ ឧបត្ថម្ភថវិកាចំនួនជាង៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មី មួយខ្នងនេះ។

លោកស្រី ឡាក់ ថុត បានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយ ឥតឧបមាចំពោះអំណោយដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរគុណ ជូនចំពោះលោក លោកស្រី និងសមាជិកក្រុមការងារទាំងអស់ ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ។

តាមរបាយការណ៍ របស់អភិបាលស្រុក បានឲ្យដឹងថា កន្លងមកលោកប្រធានក្រុមការងារព្រម ជាមួយសហការីបានយកចិត្តទុកដាក់ គិតគូដោះស្រាយ បញ្ហាជីវភាព និងសង្គម ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាក់ស្តែងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗមួយចំនួន ដូចជា៖ គ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ ស្រ្តីមេមាយទីទាល់ក្រ ស្រ្តីឆ្លងទន្លេ មរណ:ភាព ការរៀបមង្គលការ ជួសជុលផ្លូវលំ និងលូរំដោះទឹក។ល។

កាយវិការប្រកបដោយសប្បុរសធម៌ គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រធាន ក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកកំពង់សៀម រំភើបសប្បាយរីករាយ និងថ្លែងអំណរគុណ ជាអនេកជូនចំពោះលោកប្រធានក្រុមការងារ លោកស្រី សហការី និងជាពិសេសអរគុណសន្តិភាព។

មានមតិសំណេះសំណាល ជាមួយបងប្អូនដែលបានអញ្ជើញ មកចូលរួមអបអរសាទរនាឱកាសនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូន ពិសេសលោកស្រី និងសូមចូលរួមអបអរសាទរលោកយាយ ដែលទទួលបានផ្ទះថ្មី ហើយសម្តេចបានជូនពរឲ្យលោកស្រី និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការ គ្រប់ៗគ្នា។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោកនិងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហា ជូនលោកយាយ បានទាន់ពេលវេលា ហើយកាយវិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។

ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ ដែលចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អ កម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។

ឆ្លៀតយកឱកាសនេះ លោកបានក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ឱ្យយក ចិត្តទុកដាក់ថែរក្សាសុខភាព តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹងស្អាត ដើម្បីចូលរួមការពារជំងឺឆ្លងគ្រប់ប្រភេទ។

បន្ទាប់ពីបានប្រគល់ផ្ទះសប្បុរសធម៌ជូនលោកយាយ ឡាក់ ថុត លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបន្តដំណើរឆ្ពោះ ទៅពិនិត្យសមិទ្ធផលថ្មីមួយទៀត គឺការជួសជុលទ្វារទឹក និងទំនប់បឹងបបុស ឃុំគៀនជ្រៃ ដោយទទួលបានថវិកា ឧបត្ថម្ភពីលោកប្រធានក្រុមការងារ និងក្រុមការងារ ជាង៥២លានរៀល។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ទំនប់នេះ មានលទ្ធភាពជួយស្រោចស្រពស្រែ និងចម្ការជូនប្រជាកសិករបានជាង៧៥ហិកតា ទាំងនៅរដូវប្រាំ និងវស្សា។
ទទួលបានទំនប់ទឹកថ្មី ប្រជាពលរដ្ឋទូទាំងឃុំ បានសម្តែងនូវអំណរសាទរ សប្បាយរីករាយឥតឧបមា និងអរគុណយ៉ាងក្រៃលែង ជូនចំពោះលោកប្រធាន និងក្រុមការងារ ដែលបានគិតគូដោះស្រាយ បញ្ហាទឹកជូនប្រជាពលរដ្ឋ បានទាន់ពេលវេលាក្នុងការជួយកាត់បន្ថយហានីភ័យខ្វះទឹក និងទឹកជំនន់។

នាឱកាសនេះ លោកប្រធាន បានស្នើឲ្យអាជ្ញាធរ និងបងប្អូនដែលអាស្រ័យផលពីទំនប់នេះ មេត្តាជួយថែរក្សាសមិទ្ធផលនេះ ឲ្យបានគង់វង្សប្រយោជន៍ ដើម្បីបម្រើឲ្យវិស័យកសិកម្ម ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហនៈ៕