(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍ អូដ្ឋ និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការរៀបចំ បើកវគ្គបណ្តុះបណ្តាល ដល់មេជាងសំណង់ចំនួន៦០នាក់ទៀតបន្ថែមទៀត ឆ្លើយតបចំពោះការសំណូមពររបស់មេជាង និង ដើម្បីរួមចំណែកកសាងធនធានមនុស្សជំនាញ ក្នុងវិស័យសំណង់ និងកសាងការជឿទំនុកចិត្តពីម្ចាស់សំណង់នានា។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ទទួលបានកិត្តិយសចូលរួមដោយលោក ប៊ុន ភារិន្ទ នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និង លោក Nicolas George នាយកប្រតិបត្តិ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍ អូដ្ឋ ព្រមទាំងមន្ត្រីរាជការក្រោងឱវាទវិទ្យាស្ថានក៏ដូចជា ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី។

ការបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់នូវជំនាញពិត និងកាន់តែប្រសើរជាងមុនដល់មេជាងសំណង់។ ក្នុង១វគ្គបណ្តុះបណ្តាលរយៈពេល៣ខែ មេជាង៣០នាក់នឹងទទួលបានឱកាសសិក្សារៀនសូត្រនូវ មុខវិជ្ជាសំខាន់ៗតាមដំណាក់កាលនិមួយៗ ដូចជា ការងាររៀបចំផែនការ ការងាររៀបចំការដ្ឋាន ការងាររៀបឥដ្ឋ ការងារបូកស៊ីម៉ងត៍ ការងារសុវត្ថិភាព ការងារតម្លើងគ្រោងដែក ការងារចាក់បេតុង ការងារចាក់ពុម្ព ព្រមទាំងការអនុវត្តន៏ផ្ទាល់នៅតាមការដ្ឋានជាដើម។

មេជាងទាំងនេះ មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ចាម បានសំណូមពរមកកាន់ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍ អូដ្ឋ ដើម្បីបើកវគ្គបណ្តុះបណ្តាលជាថ្មី បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាលមេជាង៩០រូបក្នុងដំណាក់កាលទី១ ប្រកបដោយជោគជ័យ។

លោក Nicolas George នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី បានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង មានអាយុកាលយូរមកហើយ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍ ទើបតែចាប់ផ្តើមរយៈពេលប្រមាណជា៣ឆ្នាំប៉ុណ្ណោះ ដែលត្រូវការការសហការជាច្រើន ដើម្បីបង្កើនធនធានមនុស្ស ក្នុងវិស័យសំណង់ សំដៅទៅរកការពង្រឹងគុណភាពសំណង់។

លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ផោ្តតលើការផលិតស៊ីម៉ងត៍ ដែលមានគុណភាព ប៉ុន្តែអ្វីដែលកាន់តែមានសារៈសំខាន់ទៀតនោះ គឺ ការប្រើប្រាស់ផលិតស៊ីម៉ងត៍នោះ ឲ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស តាមរយៈមេជាងសំណង់នៅនឹងការដ្ឋានផ្ទាល់តែម្តង។

លោក ប៊ុន ភារិន្ទ នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេស បានលើកឡើងពីសារៈសំខាន់ នៃការបណ្តុះបណ្តាលមេជាងសំណង់ ឆ្លើយតបទៅនឹងការអភិវឌ្ឍន៍រីកចម្រើននៃសេដ្ឋកិច្ចជាតិ និងវិស័យសំណង់ផ្ទាល់តែម្តង ដោយសារវិស័យនេះ ទទួលបានការវិនិយោគយ៉ាងច្រើនទាំ ងវិនិយោគក្នុងស្រុក និងពីបរទេស។ ជាក់ស្តែង ការវិនិយោគផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុនជីប ម៉ុងអ៊ិនស៊ី គឺធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យក្នុងវិស័យសំណង់ ហើយវិស័យនេះត្រូវការ ធនធានមនុស្សយ៉ាងច្រើន។

ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល ដោយជោគជ័យ មេជាងសំណង់នឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និង ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ផលិតស៊ីម៉ងត៍អូដ្ឋ។ លើសពីនេះ មេជាងក៏ទទួលបានកម្រៃឧបត្ថម្ភបន្ថែមជាសាច់ប្រាក់ចំនួន១៥ដុល្លារ ជារៀងរាល់ថ្ងៃសៅរិ៍ សម្រាប់ថ្លៃអាហារ ក្នុងកំឡុងពេលសិក្សា៕