(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ទទួលបានការផ្ដល់ឈាមពីអ្នកស្ម័គ្រចិត្ត ចំនួន៣៧៤នាក់ ក្នុងថ្ងៃនៃក្ដីស្រលាញ់១៤កុម្ភៈ ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់»។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ថា ចំនួនអ្នកស្ម័គ្រចិត្តដែលបានទៅបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងថ្ងៃនៃក្ដីស្រលាញ់ កាលពីម្សិលមិញនេះ គឺជាលទ្ធផលល្អ និងជោគជ័យតាមផែនការដែលបានគ្រោងទុក ដើម្បីយកឈាមទាំងអស់នោះ ទៅជួយសង្គ្រោះអ្នកដែលត្រូវការឈាមចាំបាច់។

បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ អ្នកដែលទៅចូលរួមបរិច្ចាគឈាម ភាគច្រើនគឺជាយុវជន ក្នុងនោះរួមមាន យុវជនកាកក្រហមកម្ពុជា និងយុវជនមកពី សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមរូបនេះ ក៏បានកត់សម្គាល់ឃើញថា ការចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមរបស់យុវជន គឺជារឿងដ៏ល្អបំផុត ហើយក៏បានបង្ហាញឲ្យឃើញថា យុវជនកម្ពុជាបានយល់ដឹងអំពីកិច្ចការមនុស្សធម៌ក្នុងសង្គម ដោយបានប្រែក្លាយពីទិវានៃក្ដីស្រលាញ់ ទៅជាការបរិច្ចាគឈាមជួយសង្គ្រោះជីវិតមនុស្ស។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានអះអាងថា ពិតណាស់ឈាម គឺជាអំណោយមួយដ៏ល្អបំផុត ដែលអាចសង្គ្រោះអ្នកជំងឺដែលត្រូវការឈាម។ ដូច្នេះហើយ ទើបមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តែងតែប្រារព្ធទិវា ផ្ដល់ឈាមជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃទី១៤កុម្ភៈ ដែលចំនឹងថ្ងៃទិវានៃក្ដីស្រលាញ់ ដែលបងប្អូនយើងទាំងអស់គ្នា អាចផ្ដល់សេចក្ដីស្រលាញ់ តាមរយៈការផ្ដល់ឈាមនេះ។

សូមជម្រាបថា ក្នុងឆ្នាំ២០១៩ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានផ្គត់ផ្គង់ឈាមប្រមាណ ៦៩,៧៩៦ប្លោក ប៉ុន្ដែសព្វថ្ងៃនេះឈាមមានប្រភពមកពីអ្នកស្ម័គ្រចិត្តបរិច្ចាគ គឺមានត្រឹមតែ២៧ភាគរយប៉ុណ្ណោះ។

បច្ចុប្បន្នក្នុងមួយថ្ងៃគ្រាន់តែរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ១៥០-២០០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ អ្នកជំងឺ ហើយនៅទូទាំងប្រទេស ត្រូវការឈាមប្រមាណ២០០-២៥០ប្លោក ជារៀងរាល់ថ្ងៃ ដូច្នេះហើយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម កំពុងត្រូវការអំណោយឈាមស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតជនរងគ្រោះឲ្យបានទាន់ពេលវេលា៕