(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ការប្រកាសដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធរដ្ឋបាលក្រុងស្រុកថ្មី ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាល សម្រេចបានធ្វើកំណែរទំរង់ប្រព័ន្ធសាធារណៈ នៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ សំដៅដល់ការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅជិតប្រជាពលរដ្ឋ ប្រើប្រាស់សិទ្ធិអំណាច។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុកថាឡាបរិវ៉ាត់ និងស្រុកសេសាន កាលពីថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២០។

ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការងារ ស្របតាមការផ្ទេរសិទ្ធិអំណាច ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លោក ម៉ុម សារឿន បានសង្កត់ធ្ងន់ថា «ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តី នៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅការអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»

សូមបញ្ជាក់ផងដែរ ក្នុងឱកាសរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសេសាន និងស្រុកថាឡាបរិវ៉ាត់ ក៏មានការប្រកាសមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ធថ្មី ក្នុងនោះស្រុកសេសានមានចំនួន៤០រូប និងរចនាសម្ព័ន្ធថ្មីស្រុកថា ឡាបរិវ៉ាតមានការប្រកាស នាយក នាយករងរដ្ឋបាលសាលាស្រុក ២រូប និងមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធថ្មី ៣៨រូបផងដែរ៕